រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យជណ្ដើរវែង ដែលជាអំណោយរបស់សមាគមជប៉ុន-កម្ពុជាជូនដល់រដ្ឋបាលខេត្តព្រះសីហនុ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គីភ័យជណ្តើរវែងនេះ មានការចូលវរួមពីឯកឧត្តម តាកាហាស្សិ ហ្វូមីអាគិ ប្រធានសមាគមជប៉ុន-កម្ពុជា ជាអតីតឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា ព្រមទាំងសហការី។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណសមាគមជប៉ុន-កម្ពុជា ដែលផ្ដល់រថយន្តពន្លត់អគ្គីភ័យជណ្ដើរវែងជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តម និងគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា ដែលបានអញ្ជើញមកដល់ខេត្តព្រះសីហនុ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម និងក្រុមហ៊ុនដែលបានឧបត្ថម្ភរថយន្តពន្លត់អគ្គីភ័យជណ្តើរវែងចំនួន ០១គ្រឿង ដល់រដ្ឋបាលខេត្តព្រះសីហនុនាឱកាសនេះ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា កម្ពុជា-ជប៉ុនមានទំនាក់ទំនងយ៉ាងស្អិតរមួត និងមានប្រវត្តិឧបត្ថម្ភគាំទ្រគ្នាតាំងពីយូលុងណាស់មកហើយ។ ប្រទេសកម្ពុជា និងប្រទេសជប៉ុនបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ ហើយនៅក្នុងឆ្នាំ២០២៣ នេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន។ ពីមួយឆ្នាំទៅមួយឆ្នាំទំនាក់ទំនងរវាងប្រទេសយើងទាំងពីរមានភាពល្អប្រសើរជាបន្ត បន្ទាប់ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើន។ ក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ខេត្តព្រះសីហនុទទួលការឧបត្ថម្ភគាំទ្រលើគម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងវិស័យនានាដូចជា សុខាភិបាល អប់រំ បរិស្ថាន ទូគមនាគមន៍ ធារាសាស្ត្រ ជាពិសេសគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស។ បេសកកម្មរបស់ឯកឧត្តម កាលពីឯកឧត្តមជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តែងតែបានជួបប្រជុំជាមួយរដ្ឋបាលខេត្តព្រះសីហនុ ជាច្រើនលើកច្រើនសារ និងបានផ្សព្វផ្សាយអំពីខេត្តព្រះសីហនុ ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគជប៉ុនមកទស្សនា និងសិក្សាឈ្វេងយល់អំពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការផ្ដល់នូវរថយន្តពន្លត់អគ្គីភ័យជណ្ដើរវែង ០១គ្រឿងនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងមានសម្ភារៈសំខាន់ក្នុងការអន្តរាគមន៍ពន្លត់អគ្គីភ័យ និងកាត់បន្ថយហានិភ័យនានាបង្កឡើងដោយអគ្គីភ័យក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីសណ្ដាប់ធ្នាប់ សង្គ្រោះ និងពន្លត់អគ្គីភ័យត្រូវបន្តការយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍ និងធ្វើការឆ្លើយតបជាបន្ទាន់ចំពោះគ្រោះអគ្គីភ័យដែលកើតមានឡើង យើងត្រូវចេះគ្រប់គ្រងស្ថានការក្នុងអំឡុងពេលអគ្គីភ័យកើតឡើង។ ទន្ទឹមនោះយើងក៏ត្រូវធ្វើការហ្វឹកហ្វឺនកម្លាំងបង្ការបស់យើងជាប្រចាំ ដើម្បីពង្រឹងគុណភាព សមត្ថភាព និងស្មារតីគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ និងគ្រោះហានិភ័យនានាដែលកើតមានឡើងនាពេលខាងមុខ។
សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គីភ័យជណ្តើរវែងនេះ មានដៃរហូតដល់ ៣៥ម៉ែត្រ អាចធ្វើការងារលើសំណង់អគារមានកម្ពស់ ១៣ជាន់ ហើយរដ្ឋបាលខេត្តព្រះសីហនុ មានតម្រូវការរថយន្តប្រភេទជណ្តើរវែងនេះបន្ថែមទៀត ដើម្បីចូលរួមអន្តរាគមន៍ក្នុងការជួយពន្លត់អគ្គីភ័យនៅក្នុងខេត្តព្រះសីហនុរបស់យើង ដោយសារតែបច្ចុប្បន្នខេត្តព្រះសីហនុមានអគារ ខុនដូរខ្ពស់ជាច្រើន ព្រមទាំងស្នើសុំឱ្យមានការជួយបណ្តុះបណ្តាលការប្រើប្រាស់ និងការថែទាំឱ្យមានគុណភាព គុណតម្លៃជាប្រយោជន៍ប្រើប្រាស់បានយូរនាពេលខាងមុខ។