នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឡុង ឌីម៉ង់អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំរដ្ឋបាលក្រុង-ស្រុកទាំង៥ នៃខេត្តព្រះសីហនុអញ្ជើញចូលរួមវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចប្រជុំក្រោមប្រធានបទ “Integrating Circular Economy in the Major Development Sectors toward Achieving Zero Waste Societies in the SDGs” (ការធ្វើសមាហរណកម្មសេដ្ឋកិច្ចវិលជុំទៅក្នុងវិស័យអភិវឌ្ឍន៍ចម្បងៗ ដើម្បីឆ្ពោះទៅកាន់ ការសម្រេចបាន សង្គមគ្មានសំរាម និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសណ្ឋាគារសុខាខេត្តសៀមរាប។
វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថានសហការជាមួយមជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍក្នុងតំបន់(UNCRD) និងក្រសួងបរិស្ថាននៃប្រទេសជប៉ុន ក្នុងគោលបំណង ពង្រឹងនិងពង្រីកបន្ថែម ការអនុវត្តគោលការណ៍3R និងសេដ្ឋកិច្ចវិលជុំក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក សំដៅចូលរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០២៣ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ។