សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នាម៉ោង ៥:០០រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នឹងរៀបចំកម្មវិធី “កិច្ចពិភាក្សាពិសេស” (The Great Debate) ស្តីពី “អនាគតកម្ពុជានា ៥-១០ឆ្នាំខាងមុខ” ដើម្បីឱ្យវិនិយោគិនខ្មែរ និងបរទេស មានឱកាសស្វែងយល់កាន់តែច្បាស់អំពីស្ថានភាព និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា និងខេត្តព្រះសីហនុ។
ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ នឹងប្រមូលផ្តុំវាគ្មិនឆ្នើមៗ ដែលអញ្ជើញមកពីស្ថាប័ននានាៗ នៅក្នុងវិស័យធនាគារ អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ ជាមួយគ្នានេះផងដែរ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត ព្រះសីហនុ នឹងអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ដែលលោកនឹងរំលេចអំពី៖
-ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
-បញ្ហាប្រឈម និងវិធានការនានាដើម្បីដោះស្រាយគម្រោងវិនិយោគដែលជាប់គាំង និងចក្ខុវិស័យនាពេលអនាគត។