ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធកុដិ និងសមិទ្ធផលនានានៅវត្តពោធិ៍អណ្តែត ស្ថិតនៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា លោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ ស.ស.យ.ក យុវជនកាកបាទក្រហម និស្សិតអាហារូបករណ៍ សម្តេចតេជោ (អ.ម.ត) និងពុទ្ធបរិស័ទចំណុះជើងវត្ត។
លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍ការងារក៏សាងឡើងវិញក្នុងរវាងឆ្នាំ ១៩៨៥ ដែលមានថ្នាក់ដឹកនាំចៅអធិការវត្តបន្តបន្ទាប់ ៧ជំនាន់។ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ព្រះតេជគុណ កើត សីហា ក៏សាងមហាកុដិ ១ខ្នង មានបណ្ដោយ ១១ម៉ែត្រ ទទឹង ១១ម៉ែត្រ មានបន្ទប់សិង២ បន្ទប់ទឹក២ កម្ពស់ ១៥ម៉ែត្រ ចំណាយថវិកា ៦០ ០០០ដុល្លាអាមេរិក។ ស្ពានឆ្លងអូរ១ មានបណ្ដោយ ៦ម៉ែត្រ ទទឹង ៣ម៉ែត្រ ចំណាយថវិកា ៦ ០០០ដុល្លាអាមេរិក។ របងវត្តប្រវែង ៣០០ម៉ែត្រ កម្ពស់ ២,៥០ម៉ែត្រ ចំណាយថវិកា ៤៥ ០០០ដុល្លាអាមេរិក។ ចាក់បេតុងបំពេញទីធ្លារវត្ត ចំណាយថវិកា ៣០ ០០០ដុល្លាអាមេរិក។ កសាងចង្ក្រានបាយ១ ចំណាយថវិកា ១៥ ០០០ដុល្លាអាមេរិក។ សមិទ្ធផលទាំង ៥ខាងលើចំណាយអស់ថវិកា ១៥៦ ០០០ដុល្លាអាមេរិក បានមកពីការចូលរួមជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំខេត្ត សប្បុរសជន និងពុទ្ធបរិស័ទ។ បច្ចុប្បន្នវត្តពោធិ៍អណ្ដែតមានព្រះសង្ឃគង់នៅសិក្សារៀនសូត្រព្រះធម៌វិន័យចំនួន ១៦អង្គ ក្នុងនោះ ២អង្គ ជាភិក្ខុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ពិធីសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានាមានដូចជារបងវត្ត ស្ពានថ្ម ចាក់សាបបេតុងទីធ្លាវត្ត រៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងទីធ្លាវត្ត និងកសាងរោងចុងភៅក្នុងវត្តពោធិ៍អណ្ដែត ហើយសមិទ្ធផលទាំងនេះកើតឡើងក្រោមដំបូលសន្តិភាព និងពីការចូលរួមបរិច្ចាគធនធានដោយសទ្ធាជ្រះថ្លាពីបងប្អូនសប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់តម្កល់ទុកជាសម្បត្តិរូបភ័ណ្ឌក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមក ជំងឺកូវីដបានរាតត្បាតជាសកល បានបំផ្លាញសុខភាព និងសម្លាប់មនុស្សរាប់លាននាក់នៅលើពិភពលោក សូម្បីបុណ្យសព ក៏យើងមិនអាចរៀបចំតាមប្រពៃណីទំនៀមទម្លាប់សាសនាបានដែរ ប៉ុន្តែមកដល់ថ្ងៃនេះ អ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ ទោះបីករណីកូវីដនៅមានឆ្លង ក៏យើងលែងព្រួយបារម្ភអំពីករណីឈឺធ្ងន់ ឬស្លាប់ ដោយសារអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសមានកម្រិតខ្ពស់ ហើយជោគជ័យនេះកើតចេញពីការសាមគ្គីភាព និងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសកងទ័ពអាវសរ និងប្រជាជនក្នុងការអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលដាក់ចេញ ពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពជាអ្នកដឹកនាំអង់អាច ម្ចាស់ការ មានទស្សនៈវិស័យ និងភាពឆ្លាតវៃក្នុងការដោះស្រាយវិបត្តិរហូតស្ថានការអាចវិលមករកភាពប្រក្រតី និងបើកប្រទេសឡើងវិញលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ លឿនរហ័ស និងមានមូលដ្ឋានច្បាស់លាស់របស់សម្ដេចតេជោក្នុងការជ្រើសយកវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស គឺពិតជានាំមកនៅភាពកក់ក្តៅធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ។ រយៈពេលជាង ៤០ឆ្នាំកន្លងមកគណបក្សប្រជាជនកម្ពុជា ទទួលអម្រែកភារកិច្ចដឹកនាំប្រទេសទទួលបានសន្តិភាព។ ដោយឈានចេញពីការសង្គ្រោះជាតិ សង្គ្រោះប្រជាជនចេញពីរបបប្រល័យ ប៉ុល ពត អមដោយការស្ដារកសាងជាតិចេញពីគំនរផេះផង់ និងទប់ស្កាត់ការវិលត្រឡប់នៃរបបខ្មែរក្រហម ការបញ្ចប់ទាំងស្រុងសង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃ សម្រេចបានសន្តិភាព ឯករាជ្យជាតិ ឯករាជ្យទឹកដី ជាក់ស្ដែងក្នុងអាណត្តិ ភារកិច្ចឆ្នាំ២០១៨-២០២៣នេះ គឺបានខិតខំសម្រេចបាននូវការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាងមួយសែននាក់ និងការពាររាប់លាននាក់ឆ្លងផុតជ្រោះមរណៈនៃជំងឺកូវីដ-១៩។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់លិខិតថ្លែងអំណរគុណដល់សប្បុរសជន ព្រមទាំងផ្តល់ថវិកាជូនពោធិ៍អណ្តែត ១០លានរៀល ជូនដូនជី តាជី ៣០នាក់ ក្រណាត់ស ១ដុំ និងថវិកា ២ម៉ឺនរៀល សិស្សានុសិស្ស៨០នាក់ ម្នាក់សៀវភៅ ២ក្បាល ប៊ិច ២ដើម ថវិកា១ម៉ឺនរៀល យុវជនកាកបាទក្រហម កាយរិទ្ធ ស.ស.យ.ក អ.ម.ត និងនារីសន្តិភាពសរុប ២០០នាក់ ម្នាក់ ២ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ២០នាក់ ម្នាក់ ៥ម៉ឺនរៀល ប្រជាពលរដ្ឋចូលរួម ៨០០នាក់ ម្នាក់ ១ម៉ឺនរៀល សាលាស្រុកព្រៃនប់ ១លានរៀល ក្រុមគ្រូពេទ្យ ៥០ម៉ឺនរៀល៕