ភារកិច្ចរបស់គណៈបញ្ជាការឯកភាព គឺការពារ សុខសុវត្ថិភាព របស់ប្រជាជន ស្របច្បាប់ និង ទប់ស្កាត់ បង្ក្រាប ផ្ដន្ទាទោស ជនខុសច្បាប់
ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំដោយគូសបញ្ចាក់ថា ប្រទេសកម្ពុជា មានសន្តិភាព ហើយសេវាសន្តិសុខ សុវត្ថិភាព គឺជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីមុខរបរការងារ ភាពសុខសាន្ត និងកំណើនជីវភាព។ ដោយផ្អែកលើស្ថានភាពគ្រប់គ្រងរដ្ឋបាលនៅចន្លោះដំណាក់កាលនីមួយៗមានការវិវឌ្ឍក្រោយពីវិបត្តិកូវីដ-១៩។ ខេត្តព្រះសីហនុ មានបញ្ហាប្រឈមមួយចំនួនគួរឱ្យកត់សម្គាល់ដូចជា បទល្មើសគ្រប់គ្រងជនបរទេស ការគ្រប់គ្រងមុខរបរអាជីវកម្ម ពិសេសល្បែងស៊ីសងខុសច្បាប់ បទល្មើសទាំងនេះ បង្កផលប៉ះពាល់ជាអវិជ្ចមានដល់ការអភិវឌ្ឍ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ អ្នកវិនិយោគ ធុរកិច្ច និងភ្ញៀវទេសចរ។ ក្នុងគោលបំណងពង្រឹងសន្តិសុខ និងសុវត្ថិភាពសង្គមឱ្យបានល្អ ពិសេសការបង្ការ ទប់ស្កាត់នូវរាល់បទល្មើសនានា ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ធុរកិច្ច និងកិច្ចគាំពារវិនិយោគិនបរទេស ព្រមទាំងលើកកម្ពស់ជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ។
ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការជំរុញការផ្សព្វផ្សាយណែនាំឱ្យបានទូលំទូលាយគ្រប់គោលដៅ បញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានទាក់ទងការធានាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងសុវត្ថិភាពសង្គម ពិសេសការប្រកបអាជីវកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍។ល។ ត្រូវពង្រឹងវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីភាពជាម្ចាស់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់ការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្ម សកម្មភាពឧក្រិដ្ឋជាអាទិ៍ បទឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ បទល្មើសគ្រឿងញៀន បទល្មើសប្រើប្រាស់អាវុធជាតិផ្ទុះ ការជួញដូរមនុស្ស បទល្មើសបង្ខាំង-ជំរិត បទល្មើសបច្ចេកវិទ្យា (ឆបោកអនឡាញ) បទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម សំដៅធ្វើឱ្យបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ មានភាពល្អ។
ក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ រួមមានមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវលើកកម្ពស់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ផ្លូវទឹក ពិសេសការគ្រប់គ្រងមនុស្ស ការគ្រប់គ្រងមុខរបរយានយន្តគ្រប់ប្រភេទឱ្យបានម៉ឺងម៉ាត់ ច្បាស់លាស់ឱ្យមានរបៀបរៀបរយ និងមានប្រសិទ្ធិភាព។
ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ថា វិធានការអប់រំផ្សព្វផ្សាយដល់មហាជន ធុរជន ភ្ញៀវទេសចរឱ្យយល់ដឹងពីច្បាប់ និងលិខិតបទដ្ឋានផ្សេងៗនិងចូលរួមចំណែកពង្រឹងវិធានការសន្តិសុខ សុវត្ថិភាពសង្គម ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ ដើម្បីឆ្លើយតបបានទាន់ពេលវេលាដល់បញ្ហាសន្តិសុខ សុវត្ថិភាពភ្ញៀវទេសចរ ព្រមទាំងជំរុញឱ្យមានការចុះបញ្ជីហត្ថពលករបរទេសនៅតាមគោលដៅអាជីវកម្ម សេវាកម្ម សហគ្រាស រោងចក្រ ការដ្ឋាន កាស៊ីណូ សណ្ឋាគារ ដើម្បីធានាបាននូវអនុលោមភាពតាមច្បាប់របស់កម្ពុជា ស្តីពីការងារ និងច្បាប់ស្តីពីអន្តោប្រវេសន៍។ អាជ្ញាធរ សមត្ថកិច្ចក្រុង ស្រុក ត្រូវជំរុញការចុះបញ្ជីគោលដៅអាជីវកម្ម សេវាកម្ម កន្លែងចងការប្រាក់ ប្តូរប្រាក់ និងកន្លែងសប្បាយ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវរឹតបណ្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកនៅតាមដងផ្លូវសំដៅបញ្ចៀសការកកស្ទះ និងភាពអនាធិបតេយ្យ។ ត្រូវមានវិធានការស្រាវជ្រាវបទល្មើសឆ្លងដែន ពិសេសសកម្មភាពភេរវកម្ម ការសម្អាតប្រាក់ ការជួញដូរអាវុធជាតិផ្ទុះ និងក្រុមជនល្មើសគេចខ្លួនមកពីបរទេសតាមច្រកព្រលានយន្តហោះ និងច្រកកំពង់ផែសមុទ្រជាដើម។
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវប្រមូលកម្លាំងសរុប ដើម្បីអនុវត្តផែនការឱ្យមានប្រសិទ្ធិភាពខ្ពស់ និងជំរុញវិធានការស្រាវជ្រាវ បង្ការ បង្ក្រាប និងទប់ស្កាត់នូវបទល្មើសឧក្រិដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយប្រសិទ្ធិភាពតាមកម្មវិធីច្បាស់លាស់៕