នាព្រឹកថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធស្តីពី “ការគ្រប់គ្រង់សំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិចនៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា” ក្រោមអធិបតីភាព ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលមានការអញ្ចើញចូលរួមពី តំណាងក្រសួងពាក់ព័ន្ធ អភិបាលរងខេត្តជាប់មាត់សមុទ្រទាំង៤ និងតំណាងគម្រោង អង្គការជាតិ-អន្តរជាតិ សរុបប្រមាណ៣០រូប នៅទីស្តីការក្រសួងទេសចរណ៍។
កិច្ចប្រជុំនេះមានគោលបំណង ចងក្រងប្រមូលធាតុចូលដើម្បីរៀបចំផែនការពង្រឹង ការគ្រប់គ្រងសំណល់សមុទ្រ ជាពិសេសសំណល់ប្លាស្ទិចនៅតាមគោលដៅ ទេសចរណ៍តំបន់សមុទ្រកម្ពុជាសំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រង់សំណល់សមុទ្រ កាន់តែមានប្រសិទ្ធភាព និងមានការចូលរួមទទួលខុសត្រូវខ្ពស់ តាមជំនាញ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅធានាឱ្យបាននូវសោភ័ណ្ឌភាពស្អាត បរិស្ថានល្អ និងជីវៈចម្រុះសំបូរបែប សាកសមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។
ឯកឧត្តម រដ្ឋលេខាធិការបានជម្រាបជូនអំពីសាវតា នៃគំនិតផ្តួចផ្តើមនេះ ហើយបានធ្វើការថ្លែងអំណរគុណដល់ អាជ្ញាធរមូលដ្ឋាន គម្រោង អង្គការ និងអ្នកពាក់ព័ន្ធនានា ដែលបានរួចចំណែកយ៉ាងសកម្មបំផុត ក្នុងការសំអាតកាកសំណល់នៅតាមឆ្នេរសមុទ្រ ច្រាំងទន្លេ និងបឹងបួរជាដើម។
តាមរយៈបទបង្ហាញ និងការពិភាក្សាយ៉ាងផុសផុល អង្គប្រជុំទទួលបានមតិយោបល់សំខាន់ៗយ៉ាងច្រើនលើសលប់ពីភាគីពាក់ព័ន្ធ និងបានចងក្រងជាធាតុចូលសម្រាប់កសាងផែនការសកម្មភាពដើម្បីជាផែនទីចង្អុលផ្លូវនាពេលអនាគត។