នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីប្រគុំតន្ត្រី នៅទីលានតេជោ និងរត់ប្រណាំងកំសាន្តរបស់ក្រុមហ៊ុនវឌ្ឍន:ប្រ៊ូវើរី ឯ.ក ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុសរុបប្រមាណ ៣០រូប។
តាមតំណាងក្រុមហ៊ុនវឌ្ឍន:ប្រ៊ូវើរី ឯ.ក បានឱ្យដឹងថា ការរត់ប្រណាំងកំសាន្ត និងប្រគុំតន្ត្រីមានរយ:ពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣។ ក្នុងការរត់ប្រណាំងកំសាន្តមានកីឡាករ កីឡាការិនីចូលរួមចំនួន ៥៦០នាក់ ស្មើនឹង ៨០ក្រុម ដោយក្នុងមួយក្រុមមានគ្នា ៧នាក់។ ព្រឹត្តិការណ៍រត់ប្រណាំងនេះនឹងចាប់ផ្តើមចេញដំណើរពីរង្វង់មូលព្រះឧមា-មហេសូរ នៅឃុំរាម ស្រុកព្រៃនប់ និងបញ្ចប់នៅទីលានតេជោ (កន្ទុយនាគ) ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយបានចែកចេញជា ៧ វគ្គមានដូចជា៖
វគ្គទី១.ចេញពីរង្វង់មូលព្រះឧមា-មហេសូរ
វគ្គទី២. នៅជិតបឹងរាមសីធី
វគ្គទី៣. នៅជិតរូបសំណាកព្រះថោងតោងស្បៃនាងនាគ
វគ្គទី៤. ចន្លោះពីខ្មែរធ្វើបាននឹងផ្លូវដើមឈើចាំសេ្នហ៍
វគ្គទី៥. នៅជិតបរិវេណដើមឈើចាំស្នេហ៍
វគ្គទី៦. បណ្តោយផ្លូវឆ្នេរអូត្រេះ
វគ្គទី៧. បណ្តោយផ្លូវឆ្នេរអូឈើទាល។
លោកអភិបាលរងបានមានប្រសាសន៍ថាជា រដ្ឋបាលខេត្តគាំទ្រការបង្កើតឱ្យមានព្រឹត្តិការណ៍ថ្មីៗ ដើម្បីទាញយកផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្ត។ លោកបានបន្តណែនាំឱ្យក្រុមហ៊ុនធ្វើការស្នើសុំ និងសហការជាមួយសាលាក្រុង, ក្រុមហ៊ុនប្រមូលសំរាម និងភាគីពាក់ព័ន្ធដើម្បីធានាសន្តិសុខ សុវត្ថិភាព និងអនាម័យបរិស្ថានក្នុងអំឡុងពេល និងក្រោយការព្រឹត្តិការណ៍។