ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ព្រះវិហានៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ព្រះវិហារនេះជាការផ្ដួចផ្ដើមសាងសង់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានរៀបចំក្រុងពាលីកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២កន្លងមក ដោយលោកជំទាវ ញ៉ែម សាខន ស ខេង និងមានការចូលរួមពីមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលក្រុងកោះរ៉ុង ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្ត។
តាមការឱ្យដឹងពីក្រុមការងារសាងសង់ព្រះវិហានៅភូមិព្រែកស្វាយ បានបញ្ជាក់ថា វត្តព្រែកស្វាយមានផ្ទៃដី ៤៧ ០០០ម៉ែត្រការ៉េ បានធ្វើការសាងសង់ព្រះវិហារមួយដែលមានទទឹង ១២,៦ម៉ែត្រ បណ្តោយ ៣៣,៣ម៉ែត្រ និងដងអង់មួយគូរតាមរចនាបទខ្មែរចំណាយ ថវិកាអស់ប្រមាណជាង ១លានដុល្លាសហរដ្ឋអាមេរិក។ ការសាងសង់មានរយៈពេលពីរឆ្នាំ ហើយតម្លៃនៃការសាងសង់ព្រះវិហារនេះ វាពិតជាមានតម្លៃថ្លៃជាងការសាងសង់នៅលើដីគោកគុណនិង ៣ ឬ៤ដង ព្រោះការសាងសង់នៅលើដីកោះ ជួបបញ្ហាប្រឈមដូចជា ការដឹកជញ្ជូនសម្ភារៈសំណង់មកកាន់ការដ្ឋាន ត្រូវប្រើប្រាស់ពេលវេលាលើកដាក់ចុះតាមសាឡង់ និងប្រើប្រាស់កម្លាំងពលកម្មលើកជាច្រើនលើកច្រើនសារទើបមកដល់ការដ្ឋាន មកដល់ចប្ចុប្បន្នការសាងសង់ព្រះវិហារភូមិព្រែកស្វាយសម្រេចបាន ២០ភាគរយ។ លោកបានបន្តថា លោកនឹងជម្រុញការងារសាងសង់ឱ្យបានមុនផែនការ ដើម្បីឱ្យប្រជាពលរដ្ឋនៅតំបន់កោះមានព្រះវិហារសមរម្យចូលរគោរពបូជាតាមបែបព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យក្រុមការងារសាងសង់ត្រូវពន្លឿនការសាងសង់ឱ្យបានលឿនឆាប់តាមអ្វីដែលអាចធ្វើទៅបាន ព្រោះរដូវនេះជារដូវប្រាំងមិនមានបញ្ហាប្រឈមក្នុងការសាងសង់នោះទេ ហើយរដូវវស្សានឹងចូលមកដល់នាពេលខាងមុខ ការងារសាងសង់ត្រូវប្រឈមដោយសារភ្លៀងច្រើននៅតំបន់កោះពិបាកក្នុងការសាងសង់ ទន្ទឹមនោះផងដែរ ការងារសាងសង់ត្រូវលឿន ធានាបរិមាណ គុណភាពសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយបានចូលមកគោរពបូជា និងរៀបចំធ្វើពិធីបុណ្យផ្សេងៗតាមបែបព្រះពុទ្ធសាសនា។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវត្រៀមដើមឈើប្រមាណជាង ១ ៥០០ដើម មានដូចជា គគីរ ឈើទាល ព្រោះដើមឈើទាំងអស់នេះដាំក្នុងវត្តពិតជាមានសោភ័ណភាព បរិស្ថានបៃតងថែមទៀតផងនៅពេលខាងមុខ ហើយការដាំនេះនៅពេលមានភ្លៀងធ្លាក់ដើមឆ្នាំយើងនឹងធ្វើការដាំដុះកូនឈើទាំងនេះតែម្តង ។
បន្ទាប់មកឯកឧត្តមអភិបាលខេត្ត ក៏បានចូលថ្វាយបង្គំព្រះសង្ឃ និងប្រគេនបច្ច័យចំនួន ១ម៉ឺនដុល្លាសហរដ្ឋអាមេរិក ដើម្បីឱ្យព្រះចៅអធិការវត្ត ដើម្បីយកទៅចាត់ចែងសងសំណង់ដែលព្រះចៅអធិការមុននៅជំពាក់ជាង។