នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីកិច្ចប្រជុំវាយតម្លៃ បុរេលក្ខណសម្បត្តិអ្នកទទួលការសម្រាប់ការចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកនាយកទីចាត់ការផែនការ និងវិនិយោគ លោក លោកស្រីមេឃុំ ចៅសង្កាត់ ដែលធ្លាប់មានបទពិសោធន៏ក្នុងការធ្វើរង្វាយតម្លៃក្រុមហ៊ុនឯកជន នៅក្នុងខេត្តព្រះសីហនុ សរុបចំនួន ១០រូប។
អ្នកទទួលការដែលមានឈ្មោះក្នុងបញ្ជីមានសិទ្ធិដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានបែងចែកជាបីប្រភេទគឺ៖
-ប្រភេទទី១ អ្នកទទួលការសំណង់ទូទៅ
-ប្រភេទទី២ អ្នកទទួលការការងារដី និង
-ប្រភេទទី៣ អ្នកទទួលការឯកទេស។
លោកអភិបាលរងបានបញ្ជាក់ថា ការវាយតម្លៃនេះត្រូវធ្វើឡើងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាឱ្យបាននូវតម្លាភាព និងសង្គតិភាព។ ការបើកឱ្យក្រុមហ៊ុនទទួលការទាំងអស់ដាក់ពាក្យដើម្បីចូលរួមដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់នេះ នឹងជួយជំរុញភាពប្រកួតប្រជែងក្នុងចំណោមវិស័យឯកជន និងបង្កើនគុណភាពគម្រោងនៅពេលអនុវត្ត។
បន្ទាប់ពីការវាយតម្លៃបានបញ្ចប់សព្វគ្រប់ គណៈកម្មការបុរេលក្ខណសម្បត្តិនឹងដាក់លទ្ធផលជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច។