ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អាហារជូនកុមារកំព្រាបុរីកុមាកំព្រាខេត្តព្រះសីហនុ ចំនួន ២៣នាក់ ស្រី ១៤នាក់ មានដូចជា ប៊ីហ្គឺរ ភ្លៅមាន់បំពង ឈីសបំពង តំឡូងបារាំងបំពង និងភេសជ្ជៈនៅផ្សារទំនើប FURI ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ទៅកាន់ក្មួយៗកុមារកំព្រាទាំងអស់ថា ទោះបីក្មួយជាកុមារកំព្រាសូមកុំអស់សង្ឃឹម ព្រោះរដ្ឋបាលខេត្ត និងមន្ត្រីក្នុងខេត្តមិនដែលបំភ្លេចក្មួយៗនោះទេ នៅពេលមានពិធីបុណ្យ ឬនៅពេលទំនេរយើងតែងតែមកធ្វើការជួបជុំ និងសំណេះសំណាលឈ្វេងយល់អំពីសុខទុក្ខ និងបញ្ហាប្រឈមនានារបស់ក្មួយៗនៅក្នុងមណ្ឌល ដើម្បីបង្កើនភាពស្និតស្នាលក្នុងការរស់នៅក្នុងសង្គមប្រកបដោយភាពកក់ក្តៅ ព្រមទាំងបានធ្វើការជួបជុំនាំយកអាហារ និងថវិកាមកឧបត្ថម្ភជូនក្មួយជាបន្តបន្ទាប់ ដូច្នេះក្មួយត្រូវមានក្តីសង្ឃឹម ព្រោះអនាគតក្មួយត្រូវតែមានតម្លៃក្នុងការចូលរួមជាមួយសហគម និងជាមួយប្រទេសជាតិ ព្រោះក្មួយៗជាទំពាំងស្នងឬស្សី ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ ហើយមិនមានអ្នកណាមួយធ្វើការបោះបង់ ឬបំភ្លេចក្មួយនោះទេ ក្មួយត្រូវតែមានក្តីសង្ឃឹមនៅក្នុងជីវិតនៅពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តល់ឱវាទល្អៗដល់ក្មួយកុមារកំព្រាទាំងអស់ត្រូវស្តាប់តាមការណែនាំ អប់រំរបស់លោកគ្រូ អ្នកគ្រូនៅក្នុងបុរីកុមារកំព្រា ក៏ដូចជាលោកគ្រូ អ្នកគ្រូនៅតាមសាលានានាដែលក្មួយបានចូលសិក្សារៀនសូត្រ ពិសេសត្រូវខិតខំរៀនសូត្រគ្រេបយកចំណេះវិជ្ជា ចំណេះដឹង ជំនាញ និងបំណិនជីវិតឱ្យបានគ្រប់គ្នា ព្រោះនៅពេលដែលក្មួយចេញពីមណ្ឌលនេះទៅ ក្មួយៗអាចរកការងារល្អៗធ្វើ ដើម្បីចិញ្ចឹមជីវិតខ្លួនឯងបានយ៉ាងងាយស្រួល ព្រោះការងារនៅខេត្តព្រះសីហនុរបស់យើងមានការងារជាច្រើនដែលនៅរង់ចាំក្មួយ យើងមិនខ្លាចអត់ការងារធ្វើនោះទេ ប្រសិនបើយើងមានចំណេះជំនាញ និងបំណិនជីវិតពិតប្រាកដ ហើយក្មួយអាចយកចំណេះជំនាញទៅបំរើការងារ ដើម្បីអនាគតដ៏ភ្លឺថ្លានៅពេលខាងមុខជាក់ជាមិនខានឡើយ៕