ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីនៃរដ្ឋបាលខេត្ត ចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នៅស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ។
លោក ឡាយ សួនជៀន អគ្គកុងស៊ុលបានថ្លែងអំណរគុណចំពោះការរាប់អានប្រកបដោយអត្ថន័យនេះ និងបានបញ្ជាក់ពីគោលជំហរសារជាថ្មីថាប្រទេសវៀតណាម នឹងបន្តខិតខំរក្សាចំណងមិត្តភាពរវាងប្រទេសទាំង២ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ លោកអគ្គកុងស៊ុលបានបន្តលើកឡើងថា អរគុណដល់សន្តិភាព កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យគួរកោតសរសើរ ហើយលោកសង្ឃឹមថា កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការរវាងប្រជាពលរដ្ឋនៅតាមព្រំដែន នៃប្រទេសទាំង២។
ក្នុងឱកាសនោះលោកអភិបាលរង ក៏បានជម្រាបជូនលោកអគ្គកុងស៊ុល អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងកុងស៊ុលវៀតណាម និងរដ្ឋបាលខេត្តព្រះសីហនុ។ ថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលខេត្តព្រះសីហនុ បានខិតខំបំពេញភារកិច្ច សំណៅលើកកម្ពស់សេដ្ឋកិច្ចសង្គម ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ កិច្ចសហប្រតិបត្តិការកម្រិតថ្នាក់ជាតិជារឿងមួយ តែកម្រិតថ្នាក់មូលដ្ឋានក៏ជារឿងមួយសំខាន់ផងដែរ ក្នុងកិច្ចការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៏។ រដ្ឋបាលខេត្តព្រះសីហនុ នឹងស្វែងរកឱកាសឱ្យយុវជននៃប្រទេសទាំង២ ធ្វើការផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តល្អៗ តាមរយៈការបោះជំរំជាមួយគ្នា ដើម្បីបង្កើនសាមគ្គីភាព រឹតបន្តឹងមិត្តភាពក្នុងចំនោមយុវជននៃប្រទេសទាំង២។ លើសពីនេះទៀត ដើម្បីបង្កលក្ខណៈឱ្យការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍រវាងខេត្តព្រះសីហនុ និងខេត្តគៀនយ៉ាងកាន់តែមានភាពងាយស្រួល នៅឆ្នាំ២០២៣ នេះរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំជួសជុលកំណាត់ផ្លូវជាតិលេខ៣ ពីឡើងវិញផងដែរ។