នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នដើម្បីពិភាក្សាលើការរៀបចំវិធានការលើកទឹកចិត្ត និងវិធានការជាកញ្ចប់សម្រាប់ដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់គឺដើម្បីពិភាក្សាលើស្ថានភាព បញ្ហាប្រឈម ទិដ្ឋភាពច្បាប់ សមិទ្ធិលទ្ធភាព និងយន្តការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ។
អង្គប្រជុំបានគាំទ្រលើការសិក្សា និងការរៀបចំឱ្យមានវិធានការដោះស្រាយនេះ និងបានស្នើឱ្យមានការកំណត់អត្តសញ្ញាណកម្មគម្រោងវិនិយោគជាប់គាំង និងការរៀបចំផែនការសកម្មភាព ព្រមទាំងស្នើឱ្យមានការពិភាក្សាលម្អិត លើវិធានការនីមួយៗ។