នាថ្ងៃពុធទី១៨ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាល អញ្ជើញចូលរួមក្នុង ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀង និងអនុម័តប្លង់មេសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង ដែលបានរៀបចំឡើងរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុន រ៉ូយាល់គ្រុប ឌីវេឡុបមេន ខមភេនី នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ដោយមានការចូលរួមពី អ្នកឧកញ៉ា ប្រធានក្រុមហ៊ុន និងតំណាងមន្ទីរ ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង ដែលស្ថិតនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុនេះ នឹងត្រូវចំណាយថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក មានរយៈពេលសាងសង់ប្រមាណ ៥ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិដែលនឹងចាប់ផ្តើមសាងសង់នេះ មានចំងាយផ្លូវរត់ប្រវែង ២៤០០ម៉ែត្រ។ ក្រោយបញ្ចប់ការសាងសង់ អាកាសយានដ្ឋាននេះ នឹងក្លាយជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានជាតិតារាសាគរ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។