រសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីសុខាភិបាល និងអ្នកសារព័ត៌មានខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាមនាពេលខាងមុខ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត បានពាំនាំការផ្តាំផ្ញើពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចំពោះមន្ត្រីរាជការមន្ត្រីសុខាភិបាល និងអ្នកសារព័ត៌មានខេត្តព្រះសីហនុ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្ត បានចាត់ទុកបងប្អូនទាំងអស់គ្នាជាសហការី និងជាដៃស្តាំ ដើម្បីចូលរួមអភិវឌ្ឍ និងបំរើផលប្រយោជន៍ខេត្តរបស់យើង ហើយសមិទ្ធផលដែលកើតឡើងនៅលើទឹកដីនៃខេត្តព្រះសីហនុ គឺជាការចូលរួមរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ក្រោមការដឹកនាំចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្តទទួលបានជោគជ័យ។
ឯកឧត្តមក៏បានថ្លែងអំណរគុណមន្ត្រីរាជការ អ្នកសារព័ត៌មានដែលបានចូលរួមសហការក្នុងការទប់ស្កាត់ជំងឺរាតត្បាតនៃជំងឺកូវីដ ដែលសម្តេចតេជោ បានដាក់ចេញនូវវិធានការខេត្តព្រះសីហនុ និងក្រុងកោះរ៉ុងជាគោលដៅទេសចរណ៍ចាក់វ៉ាក់សាំងបើកឱ្យដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញមុនគេ ទោះបីមានវិធានការល្អយ៉ាងណាក៏ដោយ បើគ្មានការអនុវត្តពីរដ្ឋបាលនៅថ្នាក់ក្រោម វាមិនបានទទួលជោគជ័យនោះទេ ដោយឡែកបច្ចុប្បន្ន រាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង យើងជាមន្ត្រីធ្វើខ្លួនយើងឪ្យមានចំណេះដឹងផ្នែក ចំណេះធ្វើខាងភាសាហើយចំណេះ ជំនាញ និងបំណិនជីវិត គឺជាកត្តាសំខាន់ណាស់ក្នុងការកសាងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម ទន្ទឹមនោះខេត្តព្រះសីហនុ មានកំពង់ផែសមុទ្រទឹកជ្រៅ ដែលកំពុងធ្វើការអភិវឌ្ឍជា ៣តំណាក់កាល ដើម្បីឱ្យមានជម្រៅទឹករហូតដល់ ១៧.៥០ម៉ែត្រ អាចឱ្យនាវាដែលមានចំណុះ ១៦ម៉ឺនតោនចូលចតបាន ព្រលានយន្តហោះ មានផ្លូវរត់វែងជាងគេនៅកម្ពុជា ផ្លូវរត់ ៣.៣០០ម៉ែត្រ យើងមានផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកខេត្តព្រះសីហនុ មានផ្លូវដែក ខេត្តព្រះសីហនុ និងមានភាពសម្បុរសប្បាយនៅពេលខាងមុខ ដូច្នេះទាមទារឱ្យយើងមានធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ដើម្បីរុញច្រានខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទីពីរបន្ទាប់ពីរាជធានីភ្នំពេញ ក្នុងចំណោមខេត្តប៉ូលសេដ្ឋកិច្ចទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមចក្ខុវិស័យប្រែក្លាយប្រទេសរបស់ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅពេលខាងមុខ ដើម្បីជាការតបស្នងសងគុណក្នុងការចូលរួមអនុវត្តតាមអភិក្រមសម្តេចតេជោ មន្ត្រីរាជការ គឺជាខ្ញុំបម្រើរាស្ត្រដ៏ស្មោះត្រង់ ការផ្តល់សេវាឱ្យបានលឿន តម្លាភាព ប្រសិទ្ធិភាព និងអភិក្រម ងូតទឹក ដុសក្អែក ឆ្លុះ កញ្ចក់ និងវះកាត់ នេះជាមោទនភាពសម្រាប់មន្ត្រីរាជការ និងអ្នកសារព័ត៌មាននៅក្នុងខេត្តព្រះសីហនុ។