ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសជ័យលាភីការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់បម្រើសេវាល្អប្រចាំឆ្នាំ២០២២នៅខេត្តព្រះសីហនុ នៅសាលពិភពមង្គល ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមលោក លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីរាជការ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ សង្កាត់មកពី ២៩ឃុំ សង្កាត់នៅក្នុងខេត្តព្រះសីហនុ ដោយសារការខិតខំប្រឹងប្រែងបំរើសេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយជ័យលាភីដែលកើតឡើងពីការខិតខំប្រឹងប្រែងការអនុវត្តតួនាទីភារកិច្ចតាមដែនសមត្ថកិច្ច ក្នុងការប្រើប្រាស់តាមបណ្តាញសង្គមនៅតាមឃុំ សង្កាត់នីមួយ។
ឯកឧត្តមអភិបាលខេត្ត អបអរសាទរជ័យលាភីឃុំ សង្កាត់ទាំង៣ ខេត្តព្រះសីហនុ បានដាក់ឱ្យដំណើរការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២កន្លងមក នូវសេចក្តីណែនាំលេខ ០១៦/២២ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោក លោកស្រីជាមេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល ត្រូវចេះឈ្វេងយល់បន្ថែម ស្តីពីការបំរើសេវាសាធារណតាមយន្តការច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋនៅតាមឃុំ សង្កាត់ ហើយថ្ងៃនេះយើងបានធ្វើការជួបជុំគ្នាក្នុងការលើកទឹកចិត្ត នៃការខិតខំបំរើសេវាសាធារណនៅឆ្នាំ២០២២ មានរយៈពេលជាង ៤ខែកន្លងមកនេះ ប្រសិនបើយើងមិនចេះប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ចេញនូវគោលនយោបាយប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផល តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន។ ក្រោយរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើការ និងបើកសេដ្ឋកិច្ចសង្គមឡើងវិញកាលពីចុងឆ្នាំ២០២១ នេះជាមោទនភាពដែលកម្ពុជាបានគ្រប់គ្រងជំងឺកូវីដ១៩។ ហើយចលនាប្រឡងប្រណាំងក្នុងច្បាប់ពុំមាននោះទេ ក៏ប៉ុន្តែច្បាប់បានដាក់ចេញនូវគោលការបំរើសេវាសាធារណជូនប្រជាពលរដ្ឋនៅតាមអង្គភាពច្រកចេញចូលតែមួយ បងប្អូនបន្តខិតខំចូលរួមក្នុងការប្រឡងប្រណាំងនាពេលនេះ និងផ្តល់រង្វាន់លើកទឹកចិត្តក្នុងការបំរើសេវាសាធារណនៅតាមច្រកចេញចូលតែមួយក្រុង ស្រុក ឃុំ សង្កាត់បន្តទៀត។ សូមលោកមេឃុំ ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ត្រូវខិតខំបំរើសេវាសាធារណបន្តទៀត ទន្ទឹមនោះក៏មានការចូលរួមពីក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនរបស់យើងក្នុងការបំរើសេវាសាធារណឱ្យកាន់តែល្អប្រសើរថែមទៀត យើងត្រូវចេះស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានថាតើពួកគាត់ត្រូវការអ្វី មានបញ្ហាអ្វី ដើម្បីដោះស្រាយ និងយល់ពីអារម្មណ៍របស់ប្រជាពលរដ្ឋ និងសំណូមពរប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ម្យ៉ាងទៀតការបង្ហោះតាមការចូលឡាចនៅតាមភូមិ ឃុំ សង្កាត់ ដើម្បីឆ្លុះបញ្ចាំងពីការគាំទ្រពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានររបស់ខ្លួន ចលនាប្រឡងប្រណាំងនាពេលនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋជាអ្នកវាយតម្លៃ និងការគាំទ្រពីប្រជាពលរដ្ឋ ហើយការខិតខំប្រឹងប្រែងរបស់អស់លោក លោកស្រីពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍឱ្យបានពេញលេញ ដូច្នេះយើងត្រូវក្តាប់ឱ្យបាននូវបញ្ហានេះ ត្រូវចេះស្តាប់មតិយោបល់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន គឺជាវិធានការដែលល្អបំផុតសម្រាប់ពួកគាត់ជាអ្នកពឹងពាក់មន្ត្រីមូលដ្ឋានរបស់យើង។
ឯកឧត្តម សង្ឃឹមថា នៅឆ្នាំ២០២៣ ការអនុវត្តចលនាប្រឡងប្រណាំងឃុំ សង្កាត់ បំរើសេវាល្អទទួលបានលទ្ធផលផ្លែផ្កាបន្ថែមទៀត ដូច្នេះមេឃុំ ចៅសង្កាត់ ស្មៀន និងប៉ុស្តិ៍រដ្ឋបាលត្រូវចេះសហការគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងមូលដ្ឋានជូនពួកគាត់ឱ្យមានទំនុកចិត្ត ហើយលទ្ធផលនៃការប្រឡងប្រណាំងឃុំសង្កាត់ដែលទទួលបានចំណាត់ថ្នាក់នាពេលនេះ ជាសួចនាករថ្មីមួយទៀតសម្រាប់យើងទាំងអស់គ្នាបំពេញតួនាទី ភារកិច្ចកាន់តែល្អប្រសើរនៅពេលខាងមុខ។
សូមបញ្ជាក់ថា ការប្រឡងប្រណាំងឃុំ សង្កាត់ដែលបំរើសេវាសាធារណល្អទទួលបានជ័យលាភីនៅក្នុងខេត្តព្រះសីហនុប្រចាំឆ្នាំ២០២២គឺ លេខ១ បានទៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ទទួលបានថវិកាលើកទឹកចិត្ត ៥០លានរៀល ប័ណ្ណសរសើរមួយ លេខ២ បានទៅឃុំអូរឧកញ៉ាហេង ទទួលបានថវិកាលើកទឹកចិត្តចំនួន ៣០លានរៀល ប័ណ្ណសរសើរមួយ និងលេខ៣ ឃុំរាម ទទួលបានថវិកាលើកទឹកចិត្ត ២០លានរៀល និងប័ណ្ណសរសើរមួយ។ បន្ទាប់មកឯកឧត្តមអភិបាលខេត្តក៏បានផ្តល់ផ្តល់ម៉ាស៊ីនហ្វូតូកូពីជូនឃុំ សង្កាត់ចំនួន២១ ក្នុងចំណោមឃុំសង្កាត់ទាំង២៩នៃខេត្តព្រះសីហនុដែលបានស្នើសុំកន្លងមក។