Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូនដល់និស្សិតសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូនដល់និស្សិតសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសជូនដល់និស្សិតសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ ចំនួន ១,១៦៧ដែលបញ្ចប់ការសិក្សាដោយជោគជ័យចាប់ពីជំនាន់ទី១ ដល់ទី១០ នៅសាលាដុនបូស្កូ មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកគ្រូ អ្នកគ្រូ ប្រធានមន្ទីរពាក់ព័ន្ធ និងនិសិត្សសាលាដុនបូស្កូ។

លោក ប៊ុត វិចិត្រ នាយកសាលាបច្ចេកដុនបូស្កូ សាខាខេត្តព្រះ សីហនុ បានឱ្យដឹងថាសាលាបានបណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាទទួលជោគជ័យចំនួន ១០វគ្គ ទទួលស្គាល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍។ សាលាបានបើកវគ្គបណ្តុះបណ្តាលនៅឆ្នាំ១៩៩៨ មានអគារទ្រឹស្ដី រោងជាង បំពាក់សម្ភារៈសិក្សា ឧបករណ៍អនុវត្តន៍តាមជំនាញនីមួយៗ និងមានអគារស្នាក់សម្រាប់និស្សិតដែលមកពីខេត្តឆ្ងាយខ្វះខាតជីវភាព។ ម្យ៉ាងទៀតការបណ្តុះបណ្តាលបច្ចេកទេសរយៈពេលពីរឆ្នាំសម្រាប់និស្សិត ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី ១២ជាប់ ឬធ្លាក់។ សាលាបានបណ្តុះបណ្តាលកំរិតវិជ្ជាជីវៈបានចំនួន ១,៤៤៤នាក់ ស្រី ៣៦១នាក់។ មកដល់បច្ចុប្បន្នសាលាបានតំឡើងកំរិតថ្នាក់ជាន់ខ្ពស់បច្ចេកទេស មានការសិក្សារយៈពេល ២ឆ្នាំ មាននិស្សិត ២,០៣២នាក់ ស្រី ៥៩៨នាក់។ និស្សិតដែលបានឆ្លងកាត់បណ្តុះបណ្តាលចាប់ពីឆ្នាំ១៩៩៩ មកដល់ឆ្នាំ២០២២ មានចំនួនសរុប ៣,៤៧៦នាក់ ស្រីចំនួន ៩៥៩នាក់ មានជំនាញឯកទេស៥ផ្នែក៖
-ផ្នែកយន្តសាស្ត្រទូទៅ
-ផ្នែកយន្តសាស្ត្ររថយន្ត
-ផ្នែកអគ្គិសនី
-ផ្នែកលេខាជិការ និងផ្នែកបដិសណ្ឋារកិច្ច។ សាលាក៏មានគម្រោងបណ្តុះបណ្តាលអ្នកជាប់ពន្ធធនាគារខេត្តព្រះសីហនុ លើជំនាញផ្សាលោហៈ អគ្គិសនី កុំព្យូទ័រ និងភាសាអង់គ្លេស និស្សិតដែលបញ្ចប់ការសិក្សា ១០ជំនាន់មកនេះ មាននិស្សិតចំនួន ៩០ភាគរយ មានការងារធ្វើ ១០ភាគរយ ប្រកបមុខរបរនៅសាលា។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍អបអរសាទរចំពោះនិស្សិតដែលបានបញ្ចប់ការសិក្សាជំនាន់ទី១ ដល់ជំនាន់ទី១០ នៃសាលាបច្ចេកទេសដុនបូស្កូ ដែលបានរៀបចំកម្មវិធីចែកសញ្ញាបត្របញ្ចប់ការសិក្សាជូននិសិ្សតនាពេលនេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដូច្នេះក្មួយៗប្រើប្រាស់តម្រូវការរបស់ខ្លួនទៅតាមសមត្ថភាព ព្រោះចំណេះដឹងដែលបានមកពីលោកគ្រូ អ្នកគ្រូក្នុងការជួយបណ្តុះបណ្តាលផ្តល់បទពិសោធន៍ដល់និស្សិតនាពេលនេះ មិនអាចកាត់ផ្ដាច់ពីឪពុកម្ដាយ អាណាព្យាបាល ក្រុមគ្រួសារដែលបានលះបង់ឱ្យក្មួយៗទទួលបានការសិក្សា ទទួលបាននូវចំណេះដឹងថ្មីៗ នេះជាគោលនយោបាយបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យអប់រំ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សម្ដេចតេជោ នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំរបស់រដ្ឋ និងវិស័យឯកជន ដើម្បីអភិវឌ្ឍធនធានមនុស្សក្រោមពាក្យស្លាក “អ្នកចេះ ជួយបង្រៀនអ្នកចេះតិច អ្នកចេះតិច ជួយបង្រៀនអ្នកមិនចេះ” ។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ កម្ពុជានៅសល់អ្នកមានចំណេះតិចតួច ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ ហើយការផ្តល់ចំណេះជំនាញនាពេលនេះ ជាធនធានមួយដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាព ហើយនិស្សិតទាំង ១០ជំនាន់ បានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។ យើងត្រូវសម្លឹងមើលរាមច្បងរបស់យើងដែលទទួលបានជោគជ័យក្នុងជីវិត។
ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំឱ្យសាលាគួរតែមានកម្មវិធីជួបសំណេះសំណាលចែករំលែកបទពិសោធន៍សល់សិស្សប្អូនរបស់យើង និងលើកទឹកចិត្តដោយនិស្សិតជំនាន់ក្រោយខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឈានទៅដល់គោលដៅដែលយើងចង់បានរៀងៗខ្លួននៅពេលខាងមុខ។
ក្នុងឱកាលនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូននិស្សិតជ័យលាភីចំនួន ២៤០នាក់ ក្នុងម្នាក់ ៥ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន ៦៤នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល និស្សិតជំនាន់ទី១ ទី២ ជាង ៦០០នាក់ ក្នុងម្នាក់ ២ម៉ឺនរៀល ឧបត្ថម្ភសាលាដុនបូស្កូ ៥លានរៀល ក្រុមគ្រូពេទ្យ ១លានរៀល ក្រុមរបាំចំនួន ១លានរៀល៕