នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញទស្សនកិច្ច និងជូនពរឯកឧត្តមហ្វាម វ៉ាន់ធៀវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាខេត្តសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខ។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានថ្លែងថាក្នុងនាមរូបខ្ញុំផ្ទាល់ និងគណៈប្រតិភូទាំងអស់ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានអញ្ជើញមកទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំ ព្រមទាំងកម្មាភិបាល និងប្រជាជនខេត្តបាក់លីវនៅពេលនេះ។ ឯកឧត្តមបានបន្តថា នេះគឺជាឱកាសនិងពេលវេលាដ៏មានអត្តន័យបំផុត ដែលខេត្តសម្ព័ន្ធមេត្រីជាប់មាត់សមុទ្រទាំងពីរបានជួបជុំគ្នា និងសួរសុខទុក្ខគ្នា បញ្ជាក់ពីកាយវិការដ៏ល្អប្រពៃ និងជាទំនៀមទំលាប់ដ៏ល្អផូរផង់ ដែលប្រទេសយើងទាំងពីរមានការទំនាក់ទំនងគ្នាតាំងពីយូរយារណាស់មកហើយ។ ក្នុងឱកាសនេះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ជាន់ថ្នាក់ ព្រមទាំងប្រជាជនវៀតណាមទាំងអស់ សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ អាយុយ៉ឺនយូរ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តម ហ្វាម វ៉ាន់ធៀវ ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ពិតជារីករាយដែលបានទទួលដំណើររបស់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងគណៈប្រតិភូខេត្តព្រះសីហនុទាំងអស់ ដែលបានអញ្ជើញមកប្រសិទ្ធពរ ក៏ដូចជាសួរសុខទុក្ខថ្នាក់ដឹកនាំខេត្តបាក់លីវ ហើយសូមប្រសិទ្ធពរ និងអបអរសាទរការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ និងបានរាយការណ៍អំពីលក្ខណៈគ្រប់គ្រងមួយចំនួនអំពីសេដ្ឋកិច្ច សង្គមរបស់ខេត្តបាក់លីវ នៅក្នុងឆ្នាំ២០២២ ជូនដល់គណៈប្រតិភូខេត្តព្រះសីហនុផងដែរ។
ឯកឧត្តមប្រធានគណៈកម្មាធិការប្រជាជនខេត្តបាក់លីវ បានស្នើសុំឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក្នុងឆ្នាំ២០២៣ នឹងរួមគ្នារៀបចំខួប១០ឆ្នាំ នៃចំណងមិត្តភាព និងសហប្រតិបត្តិការ រវាងខេត្តព្រះសីហនុ និងខេត្តបាក់លីវ ដែលជាខេត្តសម្ព័ន្ធមេត្រីភាពនឹងគ្នា ហើយឯកឧត្តមនឹងទទួលការអញ្ជើញរបស់ខេត្តព្រះសីហនុ ហើយរៀបចំពេលវេលាដែលសាកសមដើម្បីអញ្ជើញទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុដ៏ស្រស់ស្អាត ដើម្បីបង្កើនចំណងមិត្តភាពរវាងខេត្តទាំងពីរកាន់តែកក់ក្តៅ។
ជាចុងក្រោយឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំខេត្តបាក់លីវសូមប្រសិទ្ធពរជូនចំពោះឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងជាប្រធានគណៈប្រតិភូ និងសមាជិកទាំងអស់ ទទួលបាននូវជ័យជំនះ សុខភាពល្អបរិបូរណ៍ និងទទួលបានលទ្ធផលល្អថែមទៀតក្នុងការដឹកនាំកសាងខេត្តព្រះសីហនុឱ្យកាន់តែស្រស់បំព្រង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកំសាន្តកាន់តែច្រើន។ គណៈប្រតិភូខេត្តព្រះសីហនុ បានជូនកាដូរអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តបាក់លីវ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយខាងថ្នាក់ដឹកនាំខេត្តបាក់លីវ ក៏មានជាវត្ថុអនុស្សាវរីយ៍ ក៏ដូចជាកាដូរជូនដល់គណៈប្រតិភូខេត្តព្រះសីហនុវិញផងដែរ។