សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោង ស្ដីពី គំនិតដូចផ្ដើមអាគារបៃតងតាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះនៅក្រុងព្រះសីហនុ
ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងស្ដីពី គំនិតដូចផ្ដើមអគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ នៅសណ្ឋាគារឆ្នេរថ្មី ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយមានចូលរួមពីលោក លោក ស្រីមកពីប្រទេសជប៉ុន មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងស្ដីពី គំនិតដូចផ្ដើមអាគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ នាពេលនេះ ក្នុងគោលបំណង៖
-ផ្ដល់ជម្រើសថាមពលស្អាត ជាពិសេសចង្ក្រានដែលប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពងាយរងគ្រោះចំពោះការឆ្លងមេរោគតាមផ្លូវដង្ហើមដែលអាចបណ្ដាលមកពីការចម្អិនអាហារដោយប្រើប្រាស់ឥន្ធនៈបំពុល និងបច្ចេកវិទ្យាធ្វើឱ្យគុណភាពខ្យល់នៅក្នុងផ្ទះមិនល្អ។
-ផ្ដល់ជម្រើសថាមពលជំនួយសម្រាប់បំភ្លឺ និងសន្សំសំចៃការប្រើប្រាស់អគ្គិសនីរួមចំណែកដោយផ្ទាល់ដល់ការកាត់បន្ថយការចំណាយរបស់គ្រួសារក្រីក្រ។
លោកអភិបាលរងខេត្ត បានបន្តថា រដ្ឋបាលខេត្តបានឯកភាពជាគោលការណ៍អនុញ្ញាតឱ្យ UN-HABITAT អនុវត្តគម្រោង ស្ដីពីគំនិតផ្ដួចផ្ដើមអគារបៃតង តាមរយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះក្នុងសហគមន៍ក្រីក្រចំនួនពីរក្នុងក្រុងព្រះសីហនុ រួមមានតំបន់ទំនប់រលក (ភូមិ៣) និងតំបន់អភិវឌ្ឍន៍ភូមិថ្មី (ភូមិ១) សង្កាត់លេខ១ ក្រុងព្រះសីហនុ តាមស.ជ.ណ. លេខ២១១/២២ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិសដៅងាយស្រួលអនុវត្តគម្រោងសហគមន៍បៃតងដោយបាន ចងក្រងឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដែលមានប្រជាជនចំនួន ១៨៦គ្រួសារជាសមាជិកក្នុងចំណោមគ្រួសារចំនួន ៣០៨គ្រួសារជាសមាជិក។ ក្រុមការងារគម្រោងបានសហការជាមួយអាជ្ញាធរដែនដី និងគណៈកម្មការសហគមន៍ចុះសិក្សាវាយតម្លៃអំពីសេដ្ឋកិច្ចសង្គម និងកំណត់តម្រូវការក្នុងសហគមន៍ដែលទាក់ទងទៅនឹងគម្រោង។ ហើយលទ្ធផលការសម្ភាសជាមួយប្រជាពលរដ្ឋចំនួន ១៨៩គ្រួសារ បានបង្ហាញថា ប្រជាពលរដ្ឋមានការចំណាយច្រើនលើការទិញហ្គាសសម្រាប់ចម្អិនអាហារ និងការប្រើប្រាស់អគ្គិសនី ខណៈខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពមានប្រាក់ចំណូលទាប ភាគច្រើនក្នុងសហគមន៍ដែលមានសំណង់ផ្ទះសាងសង់ក្នុងស្ថានភាពស្មុគស្មាញ និងណែនចង្អៀតដែលជាហេតុនាំឱ្យមានផលលំបាកក្នុងការធ្វើដំណើរ និងទំនាក់ទំនង ពិសេសក្នុងពេលយប់។
ជាលទ្ធផលយើងបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវអំពូលសូឡាតាមផ្លូវចំនួន ១៤១ដើម បែងចែកសូឡាតាមផ្ទះ និងកង្ហាចំនួន ១៨៦គ្រួសារ ព្រមទាំងចង្ក្រានចំនួន ៣៧២គ្រឿង សម្រាប់គ្រួសារចំនួន ១៨៦គ្រួសាររួចហើយ។ សង្ឃឹមថា ការផ្ដល់ជូននេះនឹងចូលរួមចំណែកធ្វើឱ្យជីវៈភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ប្រសើរឡើងព្រមទាំងអាចរស់នៅប្រកបដោយភាពរីករាយ និងសុវត្ថិភាពនៅក្នុងសហគមន៍នាពេលខាងមុខ៕