នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជេីញធ្វេីដំណេីរទៅកាន់ខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសមកជូនពរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាម ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។
ជាកិច្ចចាប់ផ្តេីមភាគីទាំងពីរបានណែនាំគ្នានូវសមាសភាពចូលរួមក្នុងស្មារតីភារតភាព មិត្តភាពនៃប្រទេសជិតខាងកម្ពុជា វៀតណាម ជាពិសេសចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តសម្ព័នមេត្រីភាព ខេត្តព្រះសីហនុ(ប្រទេសកម្ពុជា)និងខេត្តគៀនយ៉ាង(សាធារណរដ្ឋសង្គមនិយមវៀតណាម)។ លោក ង្វៀន លឿវជ្រុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាងបានមានមតិលេីកឡេីងថា នាពេលកន្លងទៅ ខេត្តទាំងពីរទទួលបានលទ្ធផលល្អក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក។ វិស័យវប្បធម៌ និងសង្គម និងទំនាក់ទំនងខាងក្រៅរបស់ខេត្តទាំងពីរបានរួបរួមកាន់តែខ្លាំងឡើងសម្រាប់ការអភិវឌ្ឍន៍ និងនិរន្តរភាព។
លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះចំណងសាមគ្គីភាព មិត្តភាព ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការរបស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធនៃខេត្តទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាពិសេសកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរត្រូវការសហការយ៉ាងជិតស្និទ្ធក្នុងការការពារសន្តិសុខតាមព្រំដែន រួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។ ទន្ទឹមនឹងនេះយេីងកាន់តែបន្តកិច្ចសហប្រតិបត្តិការដឹកនាំរួមគ្នា ការពារសន្តិសុខព្រំដែន ជួយឧបត្ថម្ភ អភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ លេីកកម្ពស់ជីវភាពប្រជាពលរដ្ឋយេីងទាំងពីរកាន់តែប្រសេីរឡេីងថែមទៀត។
ឯកឧត្តម វង្ស ផាណាត ប្រធានប្រតិភូខេត្តព្រះសីហនុបានមានមតិជូនពរដោយលេីកឡេីងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិវៀតណាមដែលនឹងចូលមកដល់នាពេលខាងមុខនេះ សូមឱ្យកម្មាភិបាលប្រជាជនខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមជួបប្រទះតែសេចក្តីសុខចម្រេីន និងពុទ្ធពរទាំងឡាយបួនប្រការ ពិសេសសូមឱ្យចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា វៀតណាមកាន់តែរឹងមាំយូរអង្វែង។ បន្ទាប់មកគណៈប្រតិភូខេត្តព្រះសីហនុក៏បានជូនកាដូរអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តគៀនយ៉ាង វៀតណាម ថតរូបអនុស្សាវរីយ៍ និងពិសារអាហារសាមគ្គីប្រកបដោយភាពស្និទស្នាលបំផុត។