ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានសង្គ្រោះទំនប់ទឹក៣ រួចផុតពីការគំរាមកំហែង នៅវេលាយប់រំលងអាធ្រាតចូលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ និងបានបញ្ជូនការងារនេះទៅក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូដើម្បីធ្វើជួសជុលពង្រឹងទំនប់នេះបន្ត។ សូមបញ្ជាក់ថាទំនប់ទី៣ គឺជាទំនប់យុទ្ធសាស្ត្រដែលការពារទំនប់ទី៤ ដូច្នេះទើបថ្នាក់ដឹកនាំខេត្តសម្រេចចិត្តចាត់អាទិភាព ជួសជុលទំនប់នេះមុនគេបំផុត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជូនក្រុមការងារបច្ចេកទេស និងគ្រឿងចក្របន្ថែមដើម្បីបង្កើនល្បឿនជួសជុលតភ្ជាប់ទំនប់ទី២ឱ្យបានឆាប់រួចរាល់។
ដោយឡែកចំពោះការជួសជុលបណ្តាញអគ្គិសនីគឺបានរៀបចំរួចរាល់ដោយរង់ចាំតែតភ្ជាប់ចរន្តចូលទៅម៉ាស៊ីនបូមទឹកតែប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូចំពោះការតម្លើងក្បាលម៉ាស៊ីនបូមទឹក និងការតភ្ជាប់ទុយោទឹកទៅស្ថានីយចម្រោះទឹកស្អាត RCI នឹងបញ្ចប់រួចរាល់ចំនួន០១ម៉ាស៊ីនក្នុងចំណោម០២ម៉ាស៊ីននៅល្ងាចនេះ នឹងអាចធ្វើការផ្គត់ផ្គង់ទឹកឡើងវិញនៅតំបន់ប្រមាណ១០ទីតាំងក្នុងក្រុងព្រះសីហនុដែលរងផលប៉ះពាល់។