ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងប្រគល់អំណោយជាសម្ភារសិក្សារបស់សាលាខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក Jiang Kexing អគ្គនាយករងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានប្រសាសន៍ថាថ្ងៃនេះខ្ញុំមានកិត្តិយសបានចូលរួមប្រគល់អំណោយរបស់សាលាខេត្តជាំងស៊ូ ប្រទេសចិន ជូនសិស្សានុសិស្សសាលាបឋម និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ ដែលជាចំណងសាមគ្គីភាពមិត្តភាពរវាងចិន និងកម្ពុជា។ កន្លងមកខេត្តជាំងស៊ូ បានជួយឧបត្ថម្ភដល់សាលាបឋម និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ជាច្រើនលើករួចមកហើយ ខេត្តជាំងស៊ូ បានឧបត្ថម្ភនូវអគារសិក្សា ការកសាងទីធ្លាសាលា ការកែលម្អបន្ទប់ទឹកជាដើម។ និងបានរៀបចំប្រកួតប្រជែងគូគំនូរជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្តូវប្បធម៌លើវិស័យអប់រំរវាងខេត្តជាំងស៊ូ និងខេត្តព្រះសីហនុ បានផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្សជារៀងរាល់ឆ្នាំផងដែរ នេះគឺជាការយកចិត្តទុកដាក់ជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅជំវិញតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ម្យ៉ាងទៀតសម្ភារសិក្សាត្រូវបាន យកមកចែកជូនសិស្សានុសិស្សនាពេលនេះ គឺជាការចែកលើកទីមួយ សង្ឃឹមថាសិស្សានុសិស្សនឹងខិតខំសិក្សារៀនសូត្រឱ្យបានចេះចប់ចូលបំរើការងារនៅតំបន់សេដ្ឋកិច្ចពិសេស។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ការចូលរួមផ្តល់សម្ភារសិក្សាជូនសិស្សានុសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ នាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាមូយក្មួយៗសិស្សានុសិស្សរបស់យើងនាពេលនេះ។
ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណសាលាខេត្តជាំងស៊ូ ដែលមានការជួយសម្របសម្រួលពីតំបន់សេដ្ឋកិច្ចពិសេសក្នុងការជួយរៀបចំចាក់សាប សួនច្បារ និងជួសជុលបន្ទប់ទឹកជាដើម នៅសាលាបឋម និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ និងបាននាំយកអំណោយរបស់សាលាខេត្តជាំងស៊ូ ចែកជូនសិស្សានុសិស្សនាពេលនេះ ដែលជាពេលបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ឬសគល់នៃភាពជោគជ័យគឺការឧស្សាព្យាយាមខិតខំរៀនសូត្រទទួលបានជោគជ័យក្នុងជីវិត ហើយការឧស្សាព្យាយាម គឺជាផ្លូវល្អ ក្មួយៗត្រូវខិតខំរៀនសូត្រឱ្យខ្លួនយើងមានចំណេះជំនាញពិតប្រាកដ។ សូមអរគុណលោកអគ្គនាយករងរំបន់សេដ្ឋកិច្ចពិសេស ដែលបាន ជួយសម្របសម្រួលផ្តល់សម្ភារសិក្សា នៅក្នុងសាលារៀនមានដូចជា Computerជាដើម និងបានស្នើសុំឱ្យតំបន់សេដ្ឋកិច្ចពិសេសជួយកសាងបន្ទប់រៀន អភិវឌ្ឍសាលារៀនមួយនេះ ជាសាលារៀនគំរូនៅក្នុងខេត្តព្រះសីហនុ សង្ឃឹមថា លោកអគ្គនាយករងនឹងបន្តជួយអភិវឌ្ឍសាលានេះបន្ថែមទៀត ដើម្បីឱ្យសិស្សានុសិស្សបានចូលសិក្សារៀនសូត្រ ព្រោះនៅទីតាំងនេះជិតតំបន់សេដ្ឋកិច្ចពិសេស ដែលមានបុគ្គលិក កម្មករបំរើការងារច្រើន ហើយកូនចៅរបស់ពួកគាត់ត្រូវការសាលា ដើម្បីសិក្សារៀនសូត្រ ម្យ៉ាងទៀតខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ ជាមិត្តភាពដែកថែប។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុកើតឡើងរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រធានាធិបតីចិន បានរៀបចំធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ និងមានការងារការទូតជាមួយគ្នា។ ការជួយគាំទ្រអភិវឌ្ឍពីមិត្តចិន មានដូចជាផ្លូវល្បឿនលឿន និងមានផ្លូវស្ពានជាច្រើនផ្សេងទៀតនៅកម្ពុជា សង្ឃឹមថា មិត្តចិន និងបន្តជួយកសាងអគារនៅក្នុងបរិវេណសាលានេះ ដើម្បីឱ្យកូនៗមានអគារសិក្សាថ្មី មានទីធ្លាសាលាល្អ សួនច្បារ សម្រាប់ឱ្យសិស្សរត់លេងប្រកបដោយសោភ័ណភាព បរិស្ថានស្អាតនាពេលខាងមុខ ដូច្នេះយើងត្រូវធ្វើជាកូនល្អ សិស្សល្អ និងមិត្តល្អចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់គ្នាត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងធុងសំរាម។
ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត និងលោកអគ្គនាយករងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក៏បានចែកអំណោយជាសម្ភារ សិក្សារបស់សាលាខេត្តជាំងស៊ូ ជូនសិស្សានុសិស្សសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ ចំនួន ១,៥៣០កញ្ចប់ ក្នុងមួយកញ្ចប់មាន (កាបូប១ ហ្វឺត ១ប្រអប់ និងប្រអប់ដាក់ខ្មៅដៃ១)៕