វិទ្យាល័យទួលកែវស្ថិតនៅក្នុងឃុំទឹកល្អក់ ស្រុកព្រៃនប់ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ខាងមុខដើម្បីសម្រួលក្នុងការសិក្សារបស់ប្អូនៗសិស្សានុសិស្សក្នុងមូលដ្ឋាន។
នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ត ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យមើលសមិទ្ធផលនៅវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
អគារសិក្សា១ខ្នង មានបណ្តោយ ៩០ម៉ែត្រ ទទឹង ១០ម៉ែត្រ កំពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ នៅវិទ្យាល័យទួលកែវ ជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សាងសង់សម្រាប់ជូនប្អូនៗសិស្សានុសិស្ស សិក្សាបានស្រួល។
ក្នុងការចុះពិនិត្យសាលានេះដែរឯកឧត្តម អភិបាលរងខេត្តបានលើកឡើងថាសាលានឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣ខាងមុខនេះ។
ក្នុងនោះឯកឧត្តមបានណែនាំដល់អាជ្ញាធរស្រុកលោកនាយកលោកគ្រូអ្នកគ្រូរៀបចំទីធ្លាសាលាឱ្យបានស្អាតដើម្បីត្រៀមក្នុងពិធីសម្ពោធនាពេលខាងមុខនេះ។ រៀបចំឈូសឆាយដីនៅខាងមុខទីធ្លាសាលាឱ្យបានរាបស្មើ ដើម្បីងាយស្រួលឱ្យសិស្សធ្វើដំណើរកាន់សាលាមានភាពងាយស្រួល និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅក្នុងបរិវេណសាលារៀនឱ្យមានសោភណ័ភាព និងបរិស្ថានល្អស្អាត។
នៅក្នុងថ្ងៃដដែលនេះដែរឯកឧត្តមអភិបាលរងខេត្តបានចុះពិនិត្យនៅសាលាបឋម និងអនុវិទ្យាល័យបិតត្រាំង មិត្តភាពព្រះសីហនុ-ជាំងស៊ូ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសចុះពិនិត្យមើលឯកឧត្តមអភិបាលរងខេត្តបានណែនាំដល់លោកនាយកលោកគ្រូអ្នកគ្រូបន្តការរៀបចំសោភ័ណភាពអនាម័យបរិស្ថានជាពិសេសការរៀបចំដាំស្មៅសួនច្បារបន្ទប់ទឹករួមជាមួយនឹងអនាម័យបរិស្ថានជុំវិញសាលាដើម្បីឱ្យសោភ័ណភាពបរិស្ថាននៅជុំវិញសាលាបានល្អស្អាតដើម្បីសុខភាពរបស់ប្អូនៗនៅក្នុងសាលា។
ក្នុងនោះឯកឧត្តមបានស្នើសុំឱ្យម្ចាស់ជំនួយខេត្ត ជាំងស៊ូប្រទេសចិន ជួយបន្ថែមនូវអ្វីដែលសាលាមានការខ្វះខាតដូចជាកែលម្អសួនច្បារក៏ដូចជាសម្ភារៈផ្សេងៗដែលសាលាមានការខ្វះខាតដើម្បីឱ្យប្អូនៗសិស្សានុសិស្ស សិក្សាបានស្រួលព្រោះវិស័យអប់រំត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាវិស័យអាទិភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដ៏សំខាន់កាត់បន្ថយភាពក្រីក្រនិងមានការអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន៕