Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន នាំយកអំណោយសង្គ្រោះចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ជិត ៣៣៦គ្រួសារ នៅស្រុកព្រៃនប់

ឯកឧត្តម គួច ចំរើន នាំយកអំណោយសង្គ្រោះចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ជិត ៣៣៦គ្រួសារ នៅស្រុកព្រៃនប់

រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិ (ខ្យល់កន្រ្តាក់)នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រ ឯកឧត្តម លោកជំទាវប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម ពិធីចែកនេះនៅខាងក្រោយសាលាបឋមសិក្សាសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍ឱ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកព្រៃនប់ជិត ៤០០០គ្រួសារ មកពី ១១ឃុំ ក្នុងស្រុកព្រៃនប់ រងឥទ្ធិពលខ្យល់កន្រ្តាក់កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កន្លងមក ធ្វើឱ្យមានការបើកដំបូលផ្ទះ រលំផ្ទះជាង ៣០គ្រួសារ និងបង្កឱ្យមានអ្នករងរបួសចំនួន ៥នាក់។ ហើយថ្ងៃនេះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានធ្វើការនាំយកអំណោយយកមកចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៣៣៦ គ្រួសារបន្ថែមទៀត។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នាពេលនេះ និងសូមចូលរួមការលំបាកដោយឥទ្ធិពលខ្យល់កន្រ្តាក់បង្កឱ្យមានផ្ទះចំនួនជាង ៤០០០គ្រួសារនៅស្រុកចំនួនពីរ គីស្រុកព្រៃនប់ និងស្រុកកំពង់សីលា ត្រូវបានរបើកដំបូល ក្នុងនោះរលំចំនួនជាង ៣០ខ្នង និងបង្កឱ្យមានប្រជាពលរដ្ឋរងគ្រោះថ្នាក់ ៥នាក់ និងធ្វើឱ្យខូចខាតសម្ភារៈក្នុងផ្ទះថែមទៀត។ នេះជាគ្រោះធម្មជាតិមួយមិនថាប្រទេសណាទេនោះទេ សូម្បីពិភពលោកក៏រងគ្រោះធម្មជាតិដូចគ្នា។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមការលំបាករបស់បងប្អូនរងផលប៉ះពាល់ដោយឥទ្ធិពលខ្យល់កន្រ្តាក់ និងផ្តាំឱ្យយកចិត្តទុក្ខដាកអំពីអាយុជីវិត និងជីវភាពប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំខេត្ត សាខាកាកបាទក្រមខេត្ត បានគិតគូរពីសុខទុក្ខដោយប្រើប្រាស់គណៈបញ្ជាការឯកភាពស្រុក ចុះដោះស្រាយបញ្ហាប្រឈមជួយសង្គ្រោះរួមទាំងក្រុមគ្រូពេទ្យចុះដល់ទីតាំងដោយគ្រោះធម្មជាតិ។
ឯកឧត្តមប្រធានបានថ្លែងអំណគុណអ្នកតំណាងរាស្ត្រទាំងបី បានចុះធ្វើសកម្មភាពជួយសម្រួលការខ្វះខាតនៅតាមខ្នងផ្ទះ ដែលដួលរលំទាំងស្រុង នាំយកគ្រោងឧបភោគបរិភោគរួមទាំងជួយអ្នករងរបួសស្នាម នេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ជួយតាមលទ្ធភាពដែលអាចធ្វើបាន ព្រមទាំងអាជ្ញាធរ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមរបស់យើងមកផងដែរ។ មកដល់ពេលនេះយើងបានធ្វើការចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះរបស់យើងបានបួនលើកសម្រាប់ស្រុកព្រៃនប់។ ដោយមើលឃើញពីការលំបាកដោយគ្រោះមហន្តរាយធម្មជាតិដែលកើតឡើងនាពេលនេះ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចរដ្ឋបាលខេត្តបានយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ក្រោយទទួលបានព័ត៌មានស្តីពីខ្យល់កន្រ្តាក់បង្កឱ្យផ្ទះបងប្អូនប្រជាពលរដ្ឋរបស់យើងនៅទីនេះមានការខូចខាតតិច និងខូចខាតទាំងស្រុង និងមានប្រជាពលរដ្ឋរងគ្រោះថែមទៀតផង។ ឯកឧត្តម ប្រធានសាខាបញ្ចាក់ថា ស្បៀងអាហារដែលនាំយកមកចែកជូននាពេលនេះ គឺបានមកពីការចូលរួមរបស់បងប្អូនសប្បុរសជន ដើម្បីយកមកធ្វើការចែកជូនបងប្អូននៅទីនេះ។
ឯកឧត្តមបន្តទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានយកចិត្តទុកដាក់នាំយកស្បៀងអាហារចែកជូនប្រជាពលរដ្ឋ ពិសេសផ្តោតលើចាស់ជរា និងកុមារ។ តាងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម សូមថ្លែងអំណរគុណអ្នកតំណាងរាស្ត្រ កងកម្លាំងប្រដាប់អាវុធបានជួយសម្របសម្រួលការលំបាករបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។ ហើយពេលនេះយើងបាននាំយកអំណោយមនុស្សធម៌ដែលមានមកពីសប្បុរសជនជាតិ អន្តរជាតិ ដើម្បីចែកជូនបងប្អូនរងគ្រោះ។ សុំយកឱកាសនេះ អំពាវនាវប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នថែទាំសុខភាពឱ្យបានល្អនៅពេលអាកាសធាតុចុះត្រជាក់មកដល់វានឹងងាយរងផលប៉ះពាល់បង្ករាលដាលឆ្លងជំងឺផ្តាសសាយ និងជំងឺកូវីដ សូមប្រុងប្រយ័ត្នពីសុខភាពក្នុងការរស់នៅជាមួយគ្នាបន្តជីវភាពជាមួយគ្នាបន្តទៀត។ អំពាវនាវឱ្យប្រជាពលរដ្ឋបន្តចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា គ្រប់ដូស ដើម្បីកាត់បន្ថយការឆ្លងកូវីដ-១៩ ក្នុងក្រុមគ្រួសារ និងសហគមន៍។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់មានចំនួន ៣៣៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូ ក្រាម មី១កេស ត្រីខ១០ កំប៉ុង ទឹកត្រី១យួរ កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភូយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០០០០រៀល។ អ្នកស្ម័គ្រចិត្ត ១៥នាក់ ក្នុងម្នាក់ ១០ម៉ឺនរៀល៕