ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំក្រុមការងារមន្ត្រីសាខា អ្នកស្ម័គ្រចិត្តសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនក្រុមគ្រួសារក្មួយស្រី ភាព ស្រីណាក់ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុប ទទួលបាននិទ្ទេស A សម័យប្រឡងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២កន្លងមក ដែលរស់នៅជាមួយយាយនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្មួយស្រី ភាព ស្រីណាក់ រស់នៅជាមួយយាយនៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ក្រៅពីពេលទំនេរពីការសិក្សារៀនសូត្រនៅសាលា ក្មួយស្រីបានទៅជួយលាងចានតាមរោងការ រោងបុណ្យ សុីឈ្នួលលាងម៉ូតូ ដើម្បីរកចំណូលយកមកជួយផ្គត់ផ្គង់គ្រួសារ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការផ្ញើសួសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះគ្រួសារក្មួយស្រីដែលបានរងផលប៉ះពាល់ខ្យល់កន្រ្តាក់របើកដំបូល។ ទន្ទឹមនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានធ្វើការណែនាំឱ្យក្មួយស្រីបន្តសិក្សាបន្តទៀត ដើម្បីយកចំណេះជំនាញ ព្រោះចំណេះវិជ្ជាមិនមានអ្នកណាមួយអាចដណ្តើមយើងបានទេ បើយើងមានចំណេះវិជ្ជាក្មួយអាចរកការងារល្អ និងទទួលបានប្រាក់ខែកាន់តែច្រើនដើម្បីជួយសម្រួលការលំបាកក្នុងគ្រួសារថែមទៀតផង។
ក្នុងឱកាសនោះឯកឧត្តម ក៏បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុចែកជូនមានដូចជា អង្គរ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ ១០កំប៉ុង ឃីតមួយកញ្ចប់ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកា ២លានរៀល។