ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញនាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៨ឃុំ ស្មើនឹង ១.០៥៨គ្រួសារ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវប្រធានកិត្តិយសសាខា មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម នៅខាងក្រោយសាលាបឋមសិក្សាសាមគ្គី ស្ថិតនៅឃុំសាមគ្គីស្រុកព្រៃនប់។
លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍ពីគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅស្រុកព្រៃនប់ បង្កធ្វើឱ្យផ្ទះប្រជាពលរដ្ឋជិត ៤ពាន់គ្រួសារ រងផលប៉ះពាល់ផ្ទះរបើកដំបូល រលំផ្ទះ និងរងរបួសមនុស្សចំនួន ៥នាក់។ ហើយថ្ងៃនេះយើងធ្វើការចែកអំណោយសង្គ្រោះជូនបងប្អូនប្រជាពលរដ្ឋបន្តទៀតចំនួន ១.០៥៨គ្រួសារ មកពី ៨ឃុំ ក្នុងស្រុកព្រៃនប់។
ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងទៅកាន់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងស្រុកព្រៃនប់ ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះនៅស្រុកកំពង់សីលាដែលទទួលរងគ្រោះធម្មជាតិខ្យល់មុសុងចុងរដូវវស្សាឆ្នាំនេះ ដែលបង្កឱ្យបើងដំបូលផ្ទះ រលំផ្ទះ និងមានអ្នករងរបួសថែមទៀតផង។ ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកពីសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះធម្មជាតិ (ខ្យល់កន្រ្តាក់) នៅក្នុងស្រុកចំនួនពីរក្នុងខេត្តព្រះសីហនុ មានដូចជា ស្រុកព្រៃនប់ និងស្រុកកំពង់សីលា ព្រមទាំងបានធ្វើការអំពាវនាវជូនចំពោះពុកម៉ែ បងប្អូនទាំងអស់ត្រូវថែទាំសុខភាពកូនចៅក្រុមគ្រួសារឱ្យមានសុខភាពល្អគ្រប់ក្រុមគ្រួ សារ។
ក្នុងឱកាសនោះឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ក៏បានសូមអភ័យទោសពុកម៉ែបងប្អូនក្នុងការយឺតយ៉ាវការជួសជុលសាងសង់ផ្លូវជាតិលេខ៣ ដោយសារយើងត្រូវធ្វើការវាយតម្លៃ និងសិក្សាឡើងវិញ បុកសរសរ (គ្រឹះ) ចាក់ពីលើដូចជាស្ពាន ទន្ទឹមនោះយើងក៏សិក្សាពីជំរើសងាកចេញពីផ្លូវនេះ ហើយក៏គ្មានជំរើសណាល្អក្រៅពីនេះទេ។ ឯកឧត្តម បានបញ្ជាក់ថា មិនសន្យាទេ តែយើងនឹងធ្វើផ្លូវនេះ ដើម្បីធ្វើដំណើរបាន ដំបូងយើងជួសជុលជាមុនសិន នៅពេលយើងមានថវិកា យើងនឹងកសាងផ្លូវនេះតាមលក្ខណៈបច្ចេកទេស។ សង្ឃឹមថា ផ្លូវនេះនៅជាមួយយើងទាំងអស់គ្នាបានយូរ ក៏ប៉ុន្តែចន្លោះពេលនេះរហូតដល់ធ្វើផ្លូវនេះ ឯកឧត្តម សូមអធ្យាស័យពុកម៉ែបងប្អូន ចំពោះការយឺតយ៉ាវធ្វើផ្លូវនេះ ក្រុមការងារក៏បានសំណូមពរមកជួយដោះស្រាយផ្លូវនេះ ហើយឥឡូវនេះឯកឧត្តម កំពុងធ្វើការងារជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ផ្តើមកសាងផ្លូវនេះក្នុងពេលឆាប់ខាងមុខ ផ្លូវនេះចែករំលែកផលប្រយោជន៍ប្រកបដោយសមធម៌ដល់ខេត្ត កំពត ខេត្តកែបផងដែរ និងជាផ្លូវសេដ្ឋកិច្ច និងទេសចរណ៍។ ដោយសារកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ ជាប៉ូលសេដ្ឋកិច្ចទី២ សង្ឃឹមថាអ្នកដែលរស់នៅតាមដងផ្លូវជាតិលេខ៣ បានទទួលផលប្រយោជន៍ពីការរីកចម្រើនរបស់ខេត្តព្រះសីហនុរបស់យើងដែរ និងសូមចូលរួមរំលែកការលំបាករបស់ពុកម៉ែបងប្អូនព្រមទាំងបានថ្លែងអំណរគុណរដ្ឋបាលខេត្ត រដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្ត្រីសាខា និងអ្នកស្មគ័្រចិត្តសាខាខេត្តព្រះសីហនុ បានធ្វើការឆ្លើយតបយ៉ាងលឿនក្នុងការជួយដល់ការលំបាករបស់ពុកម៉ែបងប្អូននៅទីនេះបានទាន់ពេលវេលា។
សូមបញ្ជាក់ថា ខ្យល់កន្រ្តាក់បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋនៅស្រុកព្រៃនប់អស់ចំនួន ១១ឃុំ លើ ១៥ឃុំ ស្មើនឹងចំនួន ៣.៥៨៧គ្រួសារ ក្នុងនោះរបើកដំបូល ៣.៥៥៦ខ្នងផ្ទះ រលំផ្ទះ ៣១ខ្នង រងរបួសមនុស្ស ៥នាក់។ ដោយឡែកនៅស្រុកកំពង់សីលា របើកដំបូលផ្ទះអស់ចំនួន ១១៤គ្រួសារផងដែរ។ ក្រៅពីការខូចខាតដំបូលផ្ទះប្រជាពលរដ្ឋ ក៏មានការខូចខាតដំបូលអគារអធិការដ្ឋាននគរបាល ដំបូលអគាររដ្ឋបាលសាលាស្រុក និងដំបូលសាលារៀនចំនួន ១៤ទីតាំងផងដែរនៅក្នុងស្រុកព្រៃនប់។
អំណោយចែកជូនប្រជាពលរដ្ឋចំនួន ១,០៥៨គ្រួសារ មកពី ៨ឃុំ នៅស្រុកព្រៃនប់ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១០កំប៉ុង កន្ទេល១ ជែល១ដប ទឹកសុទ្ធ ១កេស ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រម៉ា១) និងថវិកា ៥០,០០០រៀល ដោយឡែកគ្រួសាររងគ្រោះរលំផ្ទះចំនួន ២ខ្នង ទទួលបានថវិកាបន្ថែម ១លានរៀល និងតង់១ និងអ្នកស្ម័គ្រចិត្តសាខាចំនួន ៣៥នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀលផងដែរ៕