រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១២១៦គ្រួសារ មកពី ៣ឃុំ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅអាហារដ្ឋានឡេងទ្រី។
លោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ បានរាយការណ៍ពីគ្រោះធម្មជាតិ ខ្យល់កន្រ្តាក់កាលពីយប់ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៣ បណ្តាលឱ្យរបើកដំបូល ចំនួន ១ ២១៦គ្រួសារ ក្នុងនោះរលំផ្ទះទាំងស្រុង ១៤គ្រួសារ និងរងរបួសមនុស្ស ២នាក់។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ធ្វើឱ្យរលំផ្ទះ របើកដំបូលផ្ទះ និងរងរបួសមនុស្សជាដើម។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា ឆ្នាំនេះខ្យល់កន្រ្តាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់អស់ជិត ៣ពាន់ខ្នង និងបង្កឱ្យមានមនុស្សរងរបួសចំនួន៥នាក់ គ្រោះធម្មជាតិ (ខ្យល់កន្រ្តាក់) ឆ្នាំនេះមានទំហំធំជាងឆ្នាំកន្លងមក។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះមានដូចជា ទី១.គិតគូរពីសុវត្ថិភាពបងប្អូន ២.ការយកចិត្តទុកដាក់ព្យាបាលអ្នករងរបួសដោយគ្រោះធម្មជាតិខ្យល់កន្រ្តាក់ ៣.គិតគូពីជីវភាពរស់នៅប្រចាំថ្ងៃ។
ឯកឧត្តមបានបញ្ជាក់ថា ខ្យល់កន្រ្តាក់ឆ្នាំនេះបង្ករងផលប៉ះពាល់នៅទូទាំងប្រទេស ពិសេសប្រជាពលរដ្ឋរងគ្រោះនៅស្រុកព្រៃនប់ យើងត្រូវយកចិត្តទុកដាក់ឱ្យអស់សមត្តភាពដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ រដ្ឋបាលខេត្តបានប្រើប្រាស់កម្លាំង និងក្រុមការងារដើម្បីចុះជួយប្រជាពលរដ្ឋរងគ្រោះ ដោយប្រើប្រាស់កម្លាំងចុះជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។ ក្នុងដំណាក់កាលរងគ្រោះធម្មជាតិខ្យល់កន្រ្តាក់មានតែគណបក្សប្រជាជនកម្ពុជាទេនៅជាមួយបងប្អូនប្រជាពលរដ្ឋ ចុះជួយប្រជាពលរដ្ឋ ទន្ទឹមនោះអ្នកតំណាងរាស្រ្តខេត្តព្រះសីហនុ ទាំង ៣នាក់ បានចុះទៅកាន់ទីលំនៅប្រជាពលរដ្ឋរងគ្រោះ ២៩ គ្រួសារ ដែលបានរលំផ្ទះ ព្រមទាំងបាននាំយកអំណោយចែកជូនបានទាន់ពេលវេលា។
ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សូមឱ្យប្រជាពលរដ្ឋមាន ការយោគយល់ និងសូមអគុណក្រុមការងារបានចុះជួយសង្គ្រោះបានទាន់ពេលវេលា មិនទុកឱ្យបងប្អូនយើងណាម្នាក់មិនបានទទួលអំណោយគ្រប់ៗគ្នា អំណោយទាំងនេះបានជួយសម្រួលការខ្វះខាតបងប្អូនបានមួយរយៈ និងសូមឱ្យបងប្អូនថែទាំសុខភាពកូនចៅជាប់ជាប្រចាំ។ ក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសូមអរគុណបងប្អូនសប្បុរសជនជាតិ អន្តរជាតិ បានចូលរួមចំណែកឧបត្ថម្ភថវិកា ដើម្បីយកមកធ្វើការចែកជូនប្រជាពលរដ្ឋរងគ្រោះខ្យក់កន្រ្តាក់ ដែលជាកម្លាំងមនុស្សធម៌ជួយគ្នាក្នុងពេលមានគ្រោះធម្មជាតិ។
អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅតាមបណ្តោយផ្លូវជាតិលេខ៣ មានចំនួន ១ ២៦១គ្រួសារ ក្នុងនោះរលំផ្ទះទាំងស្រុង ១៤ខ្នង និងរងរបួស ២នាក់ ក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គីឡូក្រាម មី១កេស ត្រីខ១ ទឹកត្រី១យួរ កន្ទេល១ ជែល១ដប ឃីតមួយកញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកា ៥០ ០០០រៀល ដោយឡែកប្រជាពលរដ្ឋរលំផ្ទះទាំងស្រុង១៤គ្រួសារទទួលបានតង់១ នងថវិកា ១លានរៀល ប្រជាពលរដ្ឋរងគ្រោះ ២នាក់ ម្នាក់ ៥០០ ០០០ម៉ឺនរៀល៕