រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងថា ការបង្កើតសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តព្រះសីហនុ ក្នុងគោលបំណង ធ្វើឡើងស្របតាមទិសដៅយុទ្ធសាស្ត្រសមាគមដែលចង់ឃើញធុរកិច្ចកម្ពុជាមានការរីកចម្រើន និងដើរទាន់បរិបទឧស្សាហកម្ម (៤.០) អាចប្រកួតប្រជែងជាមួយធុរកិច្ចថ្នាក់តំបន់ សាកល ចងក្រងបណ្ដាញសហគ្រិនផ្ដល់អំណាចដល់សហគ្រិនវ័យក្មេង ពិសេសសហគ្រិនស្ត្រី ដើម្បីលើកកម្ពស់សហគ្រិនថ្នាក់ក្រោមជាតិ និងយុវជន តាមរយៈការបង្កើតវេទិកាចងក្រង និងពង្រឹងបណ្ដាញសហគ្រិន ការចែករំលែកការរៀន សូត្រពីធុរៈកិច្ច បង្កើតអាជីវកម្មនានា ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការ អភិវឌ្ឍន៍សេដ្ឋកិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយជាគ្រឹះសម្រាប់សេដ្ឋកិច្ចកម្ពុជានាពេលបច្ចប្បន្ន។ មកដល់បច្ចុប្បន្នសមាគមមានសមាជិកចំនួន ៥១៥នាក់ ដែលសុទ្ធតែជាម្ចាស់អាជីវកម្មលើក្រុមហ៊ុនប្រមាណជាង ៩០០នៅកម្ពុជា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកសម្ពោធសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ នៅទឹកដីតំបន់ឆ្នេរ នៃខេត្តព្រះសីហនុ រួមចំណែកអភិវឌ្ឍ និងលើកកម្ពស់វិស័យធុរកិច្ចនៅខេត្តព្រះសីហនុឱ្យបានកាន់តែល្អប្រសើរថែមទៀត។ សូមកោតសរសើរ និងវាយតម្លៃដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលបានបង្កើតឡើងពីឆ្នាំ២០០៩ បានពង្រីកសេវាកម្ម និងបណ្តាញរបស់ខ្លួន ដើម្បីជួយដល់សហគ្រិនក្នុងស្រុកតាមរយៈការបើកសាខានៅតាមបណ្តាខេត្តសំខាន់ៗ ជាក់ស្តែងកាលពីពាក់កណ្តាលឆ្នាំនេះ សមាគមបានពង្រីកសាខារបស់ខ្លួនមកដល់ខេត្តព្រះសីហនុ បានកៀរគរសមាជិក សមាជិកាក្រុមប្រឹក្សាភិបាលរហូតឈានដល់ការសម្ពោធជាផ្លូវការនារសៀលនេះ។ ខ្ញុំសង្ឃឹមថា សមាគមនឹងចូលរួមចំណែកក្នុងការជម្រុញកំណើនសេដ្ឋកិច្ច ផ្តល់ឱកាសកសាងសមត្ថភាព ចងក្រងបណ្តាញអាជីវកម្ម និងពង្រឹងដៃគូរអាជីវកម្មរបស់ខ្លួន តាមរយៈកម្មវិធីនានា រួមមានវគ្គបណ្តុះបណ្តាលគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមតាមតំបន់ឆ្នេរ ការចងក្រង និងបោះពុម្ពសៀវភៅមគ្គុទេសវិនិយោគសម្រាប់ខេត្តព្រះសីហនុ។ កិច្ចការនេះសម្រេចបានរលូនលុះត្រាតែមានការសហការគ្នារវាងវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល។ ម្យ៉ាងទៀតវិស័យសហគ្រាសធុនតូច និងមធ្យម (MSMEs) ជាសរសៃឈាមសេដ្ឋកិច្ចប្រទេសកម្ពុជា វត្តមានសមាគមពិតជាមានសារៈសំខាន់ក្នុងការជួយប្រមូលផ្តុំ គាំទ្រសហគ្រាសធុនតូច និងមធ្យមរួមទាំងបង្កើតកម្មវិធីអប់រំ ចែករំលែកដល់យុវជន ពិសេសកម្មវិធីពន្លកសហគ្រិនសុទ្ធតែជាការចូលរួមចំណែកធ្វើឱ្យអាជីវ កម្មរបស់ពួកគេមានការអភិវឌ្ឍរីកចម្រើន ដើម្បីប្រកួតប្រជែងថ្នាក់តំបន់លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថលអាជីវកម្មប្រកបដោយការច្នៃប្រឌិត និងការបង្កើតថ្មីក្នុងប្រទេស តំបន់ និងសកលលោក។ ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ និងយុទ្ធសាស្រ្តជំរុញឱ្យសហគ្រិនទទួលបានជោគជ័យ ដើម្បីចាប់យកកាលានុវត្តភាព ក៏ដូចជាសក្ដានុពលដែលមានស្រាប់ក្នុងការអភិវឌ្ឍគុណភាពផលិតផលទំនិញ សេវាកម្ម ដើម្បីប្រកួតប្រជែងទីផ្សារអន្តរជាតិ ស្របពេលដែលរាជរដ្ឋាភិបាលបានអនុម័តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១-២០៣៥ តាមរយៈការធ្វើពិធីកម្មទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិផងដែរ។
ឯកឧត្តមអភិបាលខេត្ត បន្តថា ខេត្តព្រះសីហនុមានសក្តានុពលធនធានធម្មជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មានកំពង់ផែសមុទ្រទឹកជ្រៅជាងគេក្នុងប្រទេសកម្ពុជា ជាមួយសន្ទុះការអភិវឌ្ឍរីកចម្រើន និងកាលានុវត្តភាពនៃការវិនិយោគជាតិ និងអន្តរជាតិ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” និងប្រសិទ្ធនាមជា “តារារៈនាទិសនិរតី” ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ-១៩ ក៏ខេត្តព្រះសីហនុ នៅតែរក្សាលំនឹងសេដ្ឋកិច្ចជាវិជ្ជមានដោយទទួលបានអត្រាកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលជាមធ្យមក្នុងប្រជាពលរដ្ឋម្នាក់ៗចំនួន ៤.១៨០ដុល្លាអាមេរិកក្នុងមួយឆ្នាំ កាត់បន្ថយអត្រាភាពក្រីក្រមកនៅត្រឹម ១.៨៦% នៅឆ្នាំ២០២២។ ហើយសមិទ្ធផលដែលខេត្តទទួលបានក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៧ខ្សែ ស្ថានីយ៍ប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ បន្ទប់ទឹកសាធារណៈ កសាងរូបបដិមានៅរង្វង់មូលព្រះឧមា-មហេសូរ រង្វង់មូលសីហរាជមុខបី រង្វង់មូលព្រះថោងនាងនាគ រង្វង់មូលព្រះស្កន្ទទ្រង់ក្ងោក ដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្ត្រជាតិ ស្លាកអក្សរ «ខ្មែរធ្វើបាន» ទីលានតេជោ ព្រមទាំងការរៀបចំស្តង់ដារអភិវឌ្ឍតំបន់ឆ្នេរសមុទ្រជាដើម៕