រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយតំណាងសមាគមអាណិកជនខ្មែនៅសហរដ្ឋអាមេរិកដឹកនាំដោយលោក ស៊ិន ផាគុណ សមាគមអាណិកជនខ្មែរទីក្រុងស៊ីអាថុលនៅសាលាខេត្តព្រះសីហនុ។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពល និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលមានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ មានអាកាសយានដ្ឋានអន្តរជាតិ មានផ្លូវដែក ផ្លូវគោក មានឆ្នេរ មានកោះ ដែលជាសក្តានុពលទាក់ទាញទេសចរណ៍ និងវិនិយោគ។ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងខេត្តព្រះសីហនុ ជាមួយទីក្រុងស៊ីអាថុល សហរដ្ឋអាមេរិក បានបង្កើតជាទីក្រុងសម្ព័ន្ធភាពជាមួយទីក្រុងស៊ីអាថុល និងទីក្រុងព្រះសីហនុ បានបង្កើតទំនាក់ទំនងសម្ព័ន្ធភាពទីក្រុងបងប្អូនកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០០ ដោយលោក Paul Sechell អភិបាលក្រុងស៊ីអាថុល (សហរដ្ឋអាមរិក) និងឯកឧត្តម អ៉ិត ដេតតុលា អភិបាលក្រុងព្រះសីហនុ (បច្ចុប្បន្នខេត្តព្រះសីហនុ)។ ១-ភាគីទីក្រុងស៊ីអាថុល តែងតែបញ្ជូនគណៈប្រតិភូតំណាងទីក្រុង និងសមាគមអាណិកជនខ្មែរនៅទីក្រុងស៊ីអាថុល ទស្សនកិច្ចនៅខេត្តព្រះសីហនុ រៀងរាល់ឆ្នាំ ជាពិសេសបានបញ្ជូនប្រតិភូចូលរួមបុណ្យសមុទ្រនៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦។ ២-ភាគីទីក្រុងស៊ីអាថុល តែងតែជួយឧបត្ថម្ភគាំទ្រដល់ខេត្តព្រះសីហនុ តាមរយៈជំនួយមនុស្សធម៌មានដូចជា ការពិនិត្យ និងព្យាបាលភ្នែកដល់ប្រជាពលរដ្ឋក្រីក្រ ការឧបត្ថម្ភនូវសម្ភារបរិក្ខារពេទ្យការចែកអំណោយមនុស្សធម៌ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌ផ្សេងៗទៀត។
លោក ស៊ិន ផាគុណ សមាគមអាណិកជនខ្មែរទីក្រុងស៊ីអាថុល បានជំរាបជូនពីគោលបំណងជំនួបសម្តែងការគួរសមនាពេលនេះ ប្រតិភូលោកជាតំណាងអាណិកជនខ្មែរនៅទីក្រុងស៊ីអាថុល (សហរដ្ឋអាមេរិក) ដើម្បីរឹតចំណងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងទីក្រុងស៊ីអាថុល និងខេត្តព្រះសីហនុឱ្យកាន់តែជិតស្និតដោយផ្តោតសំខាន់ ទី១.សួរសុខទុក និងផ្ញើក្តីនឹករលឹករបស់អាណិកជនខ្មែរនៅទីក្រុងស៊ីអាថុល ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ សមាគមអាណិកជនខ្មែរទីក្រុងស៊ីអាថុល ដែលបានចាត់តាំងអ្នកតំណាង ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ ព្រមទាំងបានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ និងប្រតិភូកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅទស្សនកិច្ចទីក្រុងស៊ីអាថុល លើកទី២នាពេលខាងមុខ និងមានគម្រោងជួយការងារសង្គមមានដូចជា វិស័យអប់រំ វិស័យសុខាភិបាលដល់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ទន្ទឹមនោះក៏មាននិស្សិតជាអាណិកជនខ្មែរនៅសហរដ្ឋអាមេរិក ចង់មកធ្វើការសិក្សាដកបទពិសោធន៍ការងារនៅក្នុងខេត្តព្រះសីហនុ៕