រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបិទមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រតិភូសមាជិកក្លឹបឆ្នេរ២១ ប្រទេស ប្រតិភូប្រមាណជា ១៣០នាក់។
ឯកឧត្តម ជា សុផារ៉ា មានប្រសាសន៍ស្វាគមន៍បិទមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងនាមរាជរដ្ឋាភិបាល សូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ និងក្រុមការងាររៀបចំមហាសន្និបាតក្លឹបបានសហការរៀបចំមហាសន្និបាតលើកទី១៦ ប្រកបដោយជោគជ័យ។ រាជរដ្ឋាភិបាល ចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា “មាសបៃតង” រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល ជំរុញការនាំចេញទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថានធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។ ចំពោះការប្រឈមនឹងវិបត្តិសាកលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីបើកប្រទេសឡើងវិញ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខមានប្រជាពលរដ្ឋចាក់វ៉ាក់សាំងខ្ពស់ បង្កើនភាពសុំាក្នុងសហគមន៍អនុញ្ញាតឱ្យកម្ពុជាបើកប្រទេសពេញលេញចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។ រាជរដ្ឋាភិបាលបានប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពសម្រាប់ការស្តារកែលម្អរចនាសម្ព័ន្ធសំដៅគាំទ្របើកដំណើរការឡើងវិញ នៃវិស័យទេសចរណ៍។ រាជរដ្ឋាភិបាលសម្រេចការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាការសាងសង់ផ្លូវ ៣៧ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្រុងព្រះសីហនុ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តទៀតថា ឆ្លងតាមអង្គមហាសន្និបាតរយៈពេល ៥ថ្ងៃ យើងឃើញថា ការអភិវឌ្ឍ និងអភិរក្សតំបន់ឆ្នេរសមុទ្រទាមទារឱ្យមានការគិតគូរលើការអភិរក្សបរិស្ថានឆ្នេរ និងសមុទ្រ ឱ្យក្លាយជាទីក្រុងបៃតងប្រកបដោយនិរន្តរភាព ដើម្បីធានាថាការអភិវឌ្ឍទីក្រុងមិនបង្កផលប៉ះពាល់លើឆ្នេរសមុទ្រ។ ការអភិវឌ្ឍត្រូវការអភិវរក្ស សម្បត្តិវប្បធម៌ធនធានធម្មជាតិ និងបរិស្ថានប្រកបដោយគុណតម្លៃ និងធានាបាននូវនិរន្តរភាព តុល្យភាពសេដ្ឋកិច្ចសង្គមទាមទារឱ្យមានការដាក់ចេញនូវផែនការយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការគ្រប់គ្រង។ កម្ពុជាបានខិតខំប្រឹងប្រែងលើកិច្ចការពារ និងអភិរក្សបរិស្ថាន និងធនធានធម្មជាតិដោយឈរលើគោលការណ៍ “ការអភិវឌ្ឍបម្រើឱ្យការអភិរក្ស រីឯការអភិរក្ស បម្រើឱ្យការអភិវឌ្ឍ”។ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយមានរូបខ្ញុំផ្ទាល់ជាប្រធាន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានជាអនុប្រធាន អភិបាលខេត្តតំបន់ឆ្នេរទាំង៤ និងក្រសួងស្ថាប័នពាក់ព័ន្ធជាសមាជិក។ ឆ្នេរសមុទ្រប្រវែង ១៨,៨៧៤ម៉ែត្រ ចាប់ពីឆ្នេរសុខាដល់ឆ្នេររាម ត្រូវបានរៀបចំកែលម្អសោភ័ណភាពឡើងវិញដោយបានបើកឆ្នេរសមុទ្រចំនួន៣ ទីតាំងមានប្រវែងសរុប ៣,១៣៤ម៉ែត្រ។ រួមមានឆ្នេរពយតាមូង ឆ្នេរពយអូរឈើទាល និងឆ្នេរពយជំទាវម៉ៅ រាល់សំណង់បណ្តោះអាសន្ននៅតាមបណ្តោយឆ្នេរត្រូវបានរុះរើ ជំនួសមកវិញនូវការស្ថាបនាតូបទេសចរណ៍ ផ្លូវថ្មើរជើងប្របឆ្នេរ លម្ហសាធារណៈ បន្ទប់ទឹកសាធារណៈ កន្លែងអង្គុយកម្សាន្តទស្សនាសមុទ្រ ការដាំដើមឈើ ដើម្បីបរិស្ថានឆ្នេរកាន់តែមានភាពល្អប្រសើរ ក៏ដូចជាការស្ថាបនាស្ថានីយ៍បូមទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីបញ្ជៀសការហូរទឹកកខ្វក់ចូលសមុទ្រ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការចូលជាសមាជិកក្លឹបឆ្នេរ ពិតជាជំរុញឱ្យមានរបត់ថ្មី នៃការប្រែប្រួលមុខមាត់តំបន់សមុទ្រកម្ពុជា លើទិដ្ឋភាពសង្គម សេដ្ឋកិច្ច ទេសចរណ៍ នគរូបនីយកម្ម និងបរិស្ថាន ជាកត្តាកំណត់ទទួលស្គាល់ជាអន្តរជាតិ នៃឆ្នេរសមុទ្រកម្ពុជាទាក់ទាញវិនិយោគ ជំរុញកំណើនសេដ្ឋកិច្ចជាតិ គោលដៅទេសចរណ៍ធម្មជាតិដ៏មានភាពទាក់ទាញ និងការប្រកួតប្រជែងនៅកម្ពុជា ព្រមទាំងជាគោលដៅទេស ចរណ៍ដ៏ធំបន្ទាប់ពីតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រសៀមរាប-អង្គរ និងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់ជា “តំបន់សេដ្ឋកិច្ចពិសេសពហុបំណង”។ ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងតំបន់“រួមគិត រួមធ្វើ រួមទទួលខុសត្រូវ”។ អាជ្ញាធរគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍ និងអភិរក្សធនធានសមុទ្រឱ្យបានស្អាត ដោះស្រាយបញ្ហាប្រឈមនានានៅតាមតំបន់ឆ្នេរ ដោយជំរុញការចែករំលែកបទពិសោធន៍ទៅវិញទៅមករវាងសមាជិកក្លឹបឆ្នេរស្អាត។
ឯកឧត្តម ជឿជាក់ថា គណៈប្រតិភូក្លឹបឆ្នេរសមុទ្រទាំងអស់ទទួលបទពិសោធន៍ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបានជា មួយនឹងការស្នាក់នៅលើទឹកដីឆ្នេរសមុទ្រកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ សូមឱ្យដំណើរវិលត្រលប់ទៅមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព។
អង្គមហាសន្និបាតបានសម្រេចបញ្ចូលឆ្នេរសមាជិកថ្មីចំនួន៤ រួមមាន៖ ឆ្នេរ Triplet Bays of Pujada Balite and Mayo របស់ប្រទេសហ្វីលីពីន ឆ្នេរ Lan Ha របស់ប្រទេសវៀតណាម ឆ្នេរ La Ciotat របស់ប្រទេសបារាំង និងឆ្នេរ Les Sables d’Olonne របស់ប្រទេសបារាំង៕