ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម គួច ចំរើន អញ្ជើញពិធីលៀងសាយភោជន៍ជូនដំណើរគណៈប្រតិភូមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកឆ្នាំ២០២២
រាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើពិភពលោកឆ្នាំ២០២២ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ ”ពិធីលៀងសាយភោជន៍ជូនដំណើរគណៈប្រតិភូមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកឆ្នាំ២០២២” នៅឆ្នេរសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងស្វាគមន៍ក្នុងរាត្រីប្រកបដោយភាពរីករាយថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកម្មវិធី ”មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកឆ្នាំ២០២២” ក្នុងនាមខ្លួនខ្ញុំ រដ្ឋបាលខេត្តជាប់តំបន់ឆ្នេរទាំង៤ សូមសម្តែងអំណរសាទរចំពោះលោក ឡូវីស ថេប៊ូល (Louis THEBAULT) ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជ្រើសរើសជាប្រធានក្លឹបឆ្នេរ ហើយឆ្នេរកម្ពុជា ជាអគ្គលេខាធិការសម្រាប់អាណត្តិថ្មី (២០២៣-២០២៥) លោក ប្រ៊ុយណូ បូដា (Bruno Bodard) ជាប្រធានក្លឹបឆ្នេរសម្រាប់អាណត្តិ (២០២៦-២០២៨)ព្រមទាំងការសម្រេចបញ្ចូលឆ្នេរសមាជិកថ្មីចំនួន៤ រួមមានឆ្នេរទ្រីបផ្លេត នៃពូចាដាបាលីត្រ និងម៉ាយ៉ូ (Triplet Bays of Pujada, Balite and Mayo) របស់ប្រទេសហ្វីលីពីន ឆ្នេរឡានហា (Lan HA) របស់ប្រទេសវៀតណាម ឆ្នេរឡា កូយតា (La Ciotat) និងឡេសាប៉ា ឡេសដឺទូឡុន (Les Sables d’Olonne) របស់ប្រទេសបារំាង ។
ឯកឧត្តមអភិបាលខេត្ត ជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានក្លឹបថ្មី និងសហការីក្លឹបទាំងអស់នឹងមានការអភិវឌ្ឍកាន់តែប្រសើរឡើង ហើយយើងនឹងមានឱកាសជួបជុំផ្លាស់ប្តូរទស្សនៈ មតិយោបល់ បទពិសោធន៍នៃការអភិវឌ្ឍមូលដ្ឋានតំបន់ឆ្នេរ និងរឹតចំណងមិត្តភាពរវាងគ្នានឹងគ្នា សំដៅគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រឱ្យកាន់តែមានភាពទាក់ទាញ និងមានសក្តានុពលបន្ថែមទៀត។ សូមចូលរួមអបអរសាទរចំពោះលោក គីម យ៉ុងភីល (KIM YONGPIL) ជាអគ្គនាយកទទួលបន្ទុកកិច្ចការសមុទ្រ ជលផល និងព្រៃឈើ នៃសាធារណរដ្ឋកូរ៉េ នឹងក្លាយជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកឆ្នាំ២០២៣ខាងមុខ។ ក្នុងនាមរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្លឹបឆ្នេរ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលបានចូលរួមក្នុង “ពិធីលៀងសាយភោជន៍ជូនដំណើរគណៈប្រតិភូមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកលើកទី១៦ ឆ្នាំ២០២២ នៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត នៃខេត្តព្រះសីហនុ ប្រកបដោយមោទភាព ហើយចំពោះលទ្ធផលដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេស ចរណ៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់ខេត្តព្រះសីហនុ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ “ពិធីបុណ្យសមុទ្រ និងមហាសន្និ បាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម”។ សូមថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ទីរ អង្គភាពជំនាញ អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធរបស់រដ្ឋបាលខេត្តព្រះសីហនុខិតខំប្រឹងប្រែងពង្រឹងយន្តការអភិបាលកិច្ចល្អ ចូលរួមសហការក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលជាផលិតផលទេសចរណ៍ដ៏សំបូរបែបមានសម្រស់ទាក់ទាញភ្ញៀវទេសចរណ៍មកសម្រាកកម្សាន្ត និងលំហែធ្វើធុរកិច្ចកាន់តែច្រើន។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសនថ្លែងក្នុងពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២ ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ ហើយឆ្នេរសមុទ្រកម្ពុជាត្រូវបានបញ្ចូលជាសមាជិកក្លឹបនាឱកាសមហាសន្និបាតលើកទី៧ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុង Toubacouta ប្រទេស Senegal ក្រោមឈ្មោះរួមតែមួយគឺ “ឆ្នេរសមុទ្រកម្ពុជា (Cambodia Bay)” ត្រូវបានប្រកាសជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងបានប្រសិទ្ធនាម “ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី” កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១។ អង្គមហាសន្និបាតរយៈពេល ០៥ថ្ងៃ បានវាយតម្លៃ និងកោតសរសើរពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈកម្មវិធីនានា ពិសេសក្រុងព្រះសីហនុ ដែលបានអភិវឌ្ឍគោរពទៅតាមគោលការណ៍និរន្តរភាព និងរក្សាបាននូវលក្ខខណ្ឌនានាក្នុងនាមជាសមាជិកក្លឹបឆ្នេរស្អាត ការអភិវឌ្ឍបណ្តាញផ្លូវថ្នល់ និងការបើកលំហឆ្នេរខ្សាច់កម្សាន្តសម្រាប់បំរើប្រយោជន៍សាធារណៈ ការអភិរក្សធនធានធម្មជាតិ ព្រៃកោងកាង ការរៀបចំរមណីយដ្ឋានឆ្នេរខ្សាច់ដែលមានការគិតគូរច្បាស់លាស់អំពីបរិស្ថាន និងការងារជាច្រើនទៀតដែលជាបញ្ហាប្រឈមដ៏លំបាកសម្រាប់បណ្តាឆ្នេរជាសមាជិកភាគច្រើន។ ឯកឧត្តមបណ្ឌិត ក៏បានជូនពរដល់គណៈប្រតិភូក្លឹបឆ្នេរសមុទ្រទាំងអស់ សូមឱ្យដំណើរវិលត្រឡប់ទៅកាន់ប្រទេសវិញប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយគ្រប់ៗគ្នា៕