ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្តីពី “សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ របស់រាជរដ្ឋាភិបាល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានអញ្ជើញចូលរួមពីតំណាងក្រសួង មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជននានាសរុប ២៥០រូប នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។
សុខដុមនីយកម្មនៃកំណែទម្រង់ ៣ បូក ១ របស់រាជរដ្ឋាភិបាល សំដៅដល់កម្មវិធីកែទម្រង់ ដែលមានចរិតលក្ខណៈជាប្រព័ន្ធ និងប្រទាក់ក្រឡាដែលក្នុងនោះមាន៖
-កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាការប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដែលផ្ដោតលើលទ្ធផល និងវិមជ្ឈការស្របតាមស្តង់ដារនិងឧត្តមមានុវត្តន៍អន្តរជាតិ។
-កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺជាកំណែទម្រង់ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈ និងផលប្រយោជន៍ពីការអភិវឌ្ឍន៍មូលដ្ឋាន ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។
-កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ ជាកម្មវិធីដែលធានាឱ្យបាននូវរដ្ឋបាលសាធារណៈ ដែលមានលក្ខណៈខ្លាំង ស្អាតស្អំ ឆ្លាតវៃ និងផ្ដោតលើប្រជាជនជាស្នូល។
-ហើយកម្មវិធីជាតិកែទម្រង់ទាំង ៣ ខាងលើនេះ មិនអាចខ្វះបាននូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលនឹងផ្ដល់ឱ្យមានការទទួលបានយុត្តិធម៌សម្រាប់ទាំងអស់គ្នា តាមរយៈការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងសិទ្ធិទទួលបានយុត្តិធម៌។