រសៀលថ្ងៃទី២-៣ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចពិភាក្សា ស្តីពីការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតមូលដ្ឋាន ការស្វែងយល់ពីកិច្ចសហប្រតិបត្តិការ និងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីបន្ស៉ីគ្នារវាងផែនការអភិវឌ្ឍប្រកបដោយចីរភាពក្នុងទីក្រុងនៅកម្រិតប្រទេសនីមួយៗ និងកម្រិតតំបន់ ក៏ដូចជានៅរដ្ឋបាលមូលដ្ឋានក្នុងវេទិកាអភិបាលក្រុងអាស៊ាន (AMF) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចពិភាក្សានេះមានសមាសភាព អញ្ជើញមកពីប្រទេសដែលជាសមាជិកអាស៊ាន ដូចជា៖ កម្ពុជា ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ដើម្បីផ្ដល់ធាតុចូលពាក់ព័ន្ធនឹង វឌ្ឍនភាព បទពិសោធន៍ កង្វល់ បញ្ហាប្រឈម ព្រមទាំងស្វែងរកដំណោះស្រាយ ដែលអាចយកទៅអនុវត្តនៅក្នុងទីក្រុងដែលកំពុងជួបបញ្ហាប្រឈមប្រហាក់ប្រហែលគ្នា សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៨គោលដៅ។