ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវិញ្ញាសាប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលវិទ្យាល័យក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈមេប្រយោគ និងសិស្សានុសិស្សនៅមណ្ឌលប្រឡងសាលាវិទ្យាល័យក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ក្នុងឱកាសបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ថា គ្រប់វិញ្ញាសាត្រូវបានបិទជិត មិនមានស្នាមរហែក និងមានការចូលរួមត្រួតពិនិត្យដោយផ្ទាល់ និងចុះហត្ថលេខាពីបេក្ខជនប្រឡងផងដែរ។
ទន្ទឹមនោះឯកឧត្តមអភិបាលរងខេត្ត បានធ្វើការណែនាំដល់បេក្ខជនប្រឡងទាំងអស់ត្រូវចូលរួមគោរពវិន័យនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន ហើយបញ្ចេញសមត្ថភាពរៀងៗខ្លួន ដើម្បីប្រឡងឱ្យជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេសល្អ ព្រោះការប្រឡងប្រសិនបើយើងចេះ គឺពិតជាប្រឡងជាប់ជាក់ជាមិនខាន និងសូមជូនពរឱ្យប្អូនៗទាំងអស់គ្នាប្រឡងជាប់។
តាមរបាយការណ៍របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំ២០២១-២០២២នៅខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ខេត្តមានមណ្ឌលប្រឡងចំនួន ៥មណ្ឌល ក្នុងនោះ៖
-ថ្នាក់វិទ្យាសាស្ត្រមាន ២មណ្ឌល ស្មេីនឹង ២១បន្ទប់ មានបេក្ខជន ៤៨៥នាក់ ស្រី ២៩១នាក់។
-ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៣មណ្ឌល ស្មេីនឹង ៥០បន្ទប់ មានបេក្ខជនចូលរួមប្រឡងសរុបចំនួន ១,២២៩នាក់ ស្រី ៦១៩នាក់ ។ បេក្ខជនមានឈ្មោះប្រឡងសរុបចំនួន១,៧១៤នាក់ ស្រី ៩១០នាក់៕