សៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការប្រកួតកីឡាម៉ូតូទឹកកម្ពុជា និងកីឡាទូកក្តោងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ នៅឆ្នេរអូរឈើទាល ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ឯកឧត្តម ណុះ ស្លេះ រាយការណ៍នៃការប្រកួតកីឡាម៉ូតូទឹកកម្ពុជា និងកីឡាទូកក្តោងព្រឹត្តិការណ៍ជាតិលើកទី៣ នៅខេត្តព្រះសីហនុ វិញ្ញាសារកីឡាករម៉ូតូទឹក មានកីឡាមកពីរាជធានី ខេត្ត និងក្រសួងចំនួន៧ មាន ៥វិញ្ញាសារ មានកីឡាសរុប ៩៥នាក់ ក្នុងនោះក្រសួងមហាផ្ទៃទទួលបានមេដាយមាស២ និងប្រាក់២ រាជធានីភ្នំពេញប្រាក់១ សំរិទ្ធ២ កំពតមាស១ សំរិទ្ធ២ កោះកុងមាស១ ប្រាក់១ កែប សូន្យមេដាយ កណ្ដាលប្រាក់១ និងខេត្តព្រះសីហនុមេដាយមាស១ សំរិទ្ធ២ ។
វិញ្ញាសារទូកក្តោងមានកីឡាក កីឡាការីនីចូលរួមសរុប ៤៧នាក់ មកពីរាជធានី ខេត្ត និងក្រសួងចំនួន៧ ប្រកួត ៤វិញ្ញាសារ ទទួលបានមេដាយមាស ៤នាក់ ប្រាក់៤នាក់ និងសំរិទ្ធ៤នាក់។
ឯកឧត្តមបន្តថា ព្រឹត្តការកីឡាជាតិលើកទី៣ ក្នុងគោលបំណង ១.វាស់ស្ទង់សមត្ថភាពកីឡា និងគុណផលកីឡាសម្រាប់ត្រៀមដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ២.វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ៣.ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្ពុជាពិសេសបង្ហាញពីការចាប់ផ្ដើមស្ដារសង្គមសេដ្ឋកិច្ចឡើងវិញក្នុង និងក្រោយស្ថានភាពវិបត្តិកូវីដ-១៩
៤.ជំរុញចលនាកីឡាជាតិ ដើម្បីសម្រេចចលនាកីឡា ដើម្បីសុខភាពពលរដ្ឋមួយរូប លេងកីឡាមួយយ៉ាងតិច ៥.លើកស្ទួយមុខមាត់ជាតិលើឆាកអន្តរ ជាតិតាមរយៈការលេងកីឡា។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បិទការប្រកួតកីឡាម៉ូតូទឹកកម្ពុជា និងកីឡាទូកក្តោងនៅខេត្តព្រះសីហនុ ដោយកោតសរសើរគណៈកម្មការរៀបចំការប្រកួតកីឡាទាំងពីរ ប្រព្រឹត្តទៅប្រកបដោយសុក្រឹតភាព និងទទួលលទ្ធផលវិជ្ជមាន។ ក្រោមម្លប់សន្តិភាពធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យពិសេសវិស័យកីឡា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់វិស័យកីឡាដោយផ្ធែកលើគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាឆ្ពោះទៅឆ្នាំ២០២៣ ធ្វើឡើងដើម្បី ១.ពង្រឹងដុះខាត់ និងសាកល្បងសមត្ថភាពកីឡាករ និងគុណផលកីឡាសម្រាប់ដណ្តើមមេដាយឆ្នាំ២០២៣
២.វាស់ស្ទង់គណៈកម្មការបច្ចេកទេស គ្រូបង្វឹករៀបចំព្រឹត្តិការណ៍ ត្រៀមធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣
៣.ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរ ជាតិមកទស្សនាកម្ពុជា បង្ហាញពីការចាប់ផ្តើមសេដ្ឋកិច្ចសង្គមឡើងវិញ
៤.សាកល្បងសមត្ថភាពកងកម្លាំង ដើម្បីត្រៀមខ្លួនទៅកាន់ស៊ីហ្គេម។
ឯកឧត្តម អភិបាលខេត្តបញ្ជាក់ថា លទ្ធផលនៃការប្រកួតទាំងពីរនេះ បង្ហាញកាន់តែច្បាស់អំពីសមត្ថភាពរបស់កីឡាករកីឡាការិនីព្រមទាំងគណៈកម្មការបច្ចេកទេស ក្នុងការត្រៀមខ្លួនចូលរួមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។
ក្នុងឱកាសនោះឯកឧត្តម ណុះ ស្លេះ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញបំពាក់មេដាយជូនកីឡាក កីឡា ការិនីដែលទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ ប្រកបដោយបរិយាកាសរីករាយក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២នៅខេត្តព្រះសីហនុ៕