ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយទិន្នន័យ និងផែនទីនៃការប្រើប្រាស់ដីធ្លីឆ្នាំ២០២២ ដោយមានអញ្ជើញចូលរួមពីតំណាងគណៈកម្មការទី៣ របស់ព្រឹទ្ធសភា និងរដ្ឋសភា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជននានាសរុប ១២០រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។
ផែនទីគម្របដីឆ្នាំ២០២២នេះ ផ្តល់ព័ត៌មានផ្ទៃដីលម្អិតជាងមុន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្ហាញពីកម្រិតនៃការប្រើប្រាស់ដីទូទាំងប្រទេស រាប់ចាប់ពី ការកំណត់ប្រភេទដំណាំ កម្រាស់ព្រៃ រហូតដល់ការគណនាទំហំផ្លូវ។
ក្រសួងបរិស្ថានរំពឹងថា ផែនទីនេះនឹងក្លាយជាទិន្នន័យគោលមួយ ដែលបម្រើជាឧត្តមប្រយោជន៍សម្រាប់សង្គម សេដ្ឋកិច្ច បរិស្ថាន និងវិស័យពាក់ព័ន្ធនានា តាមរយៈការផ្ដល់ព័ត៌មានយ៉ាងជាក់លាក់ និងមានបច្ចុប្បន្នភាព។ ទិន្នន័យដែលកំពុងបានរៀបចំនេះ នឹងរួមចំណែកមួយយ៉ាងសំខាន់ ក្នុងកិច្ចការរៀបចំផែនការយុទ្ធសាស្ត្រ និងជួយដល់អាជ្ញាធរមូលដ្ឋានក្នុងការធ្វើការតាមដាន និងធ្វើការសម្រេចចិត្ត ជាពិសេសពាក់ព័ន្ធនឹងកិច្ចការនគរូនីយកម្ម សាធារណៈការ និងដឹកជញ្ជូន និងជាពិសេសជួយគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងសន្តិសុខស្បៀងកម្ពុជាផងដែរ។