ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការសំដែងសិល្បៈពហុវប្បធម៌របស់កុមារា-កុមារី មកពីទីក្រុងឆាងវ៉ុន នៃសាធារណរដ្ឋកូរ៉េ នៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ខាងមុខ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។
លោកអភិបាលរងខេត្ត បានធ្វើការណែនាំលើចំណុច សំខាន់ៗចំនួន ៤ ដូចជា៖ ១.ការសម្របសម្រួលពីរដ្ឋបាលខេត្ត ២.ការផ្សព្វផ្សាយដល់សាធារណជនឱ្យបានទូលំទូលាយ ៣.ទីតាំងនៃការសំដែងនិង ៤.ការជ្រើសរើសសិល្បករចូលរួមសំដែង។
ក្នុងឱកាសនេះផងដែរ លោកអភិបាលរងបានបន្តថា ការសំដែងសិល្បៈរបស់សិល្បករមកពីទីក្រុងឆាងវ៉ុននេះ ជាការផ្លាស់ប្តូរវប្បធម៌ នៃខេត្ត ក្រុងទាំងពីរ (កម្ពុជា-កូរ៉េ) ដែលនឹងផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហការកាន់តែស៊ីជម្រៅបន្ថែមទៀត។ ទន្ទឹមនេះ ការបង្កើតព្រឹត្តិការណ៍រថ្មីៗបន្ថែមទៀត ក៏ជាឱកាសបង្ហាញអំពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងសមិទ្ធផលថ្មីៗជាច្រើនដល់ប្រជាជនកូរ៉េ និងផ្សព្វផ្សាយសក្តានុពលរបស់ខេត្តព្រះសីហនុដល់ប្រទេសកូរ៉េផងដែរ។