រដ្ឋបាលខេត្តបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងការ គ្រប់គ្រងអាជីវកម្មអភិវឌ្ឍចលនវត្ថុ
ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក អ៊ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ផ្សព្វផ្សាយប្រកាស ស្ដីពីការគ្រប់គ្រងអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគដោយអនុប្បទាន និងការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍចលនវត្ថុនៅខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមាន ប្រសាសន៍ស្វាគមន៍ថា រដ្ឋបាលខេត្តព្រះសីហនុ បានសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានឯកភាពគ្នារៀបចំផ្សព្វផ្សាយទាក់ទងជាមួយច្បាប់គ្រងគ្រងអាជីវកម្មបញ្ចាំ ហើយកិច្ចការទាំងអស់នេះក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តមានសកម្ម ភាពប្រមូលផ្តុំ រួមគ្នាធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ ព្រោះយើងមានច្បាប់រួចហើយ ក៏ប៉ុន្តែការអនុវត្តឱ្យបានត្រឹមត្រូវទាំងអ្នកគ្រប់គ្រង អ្នកអនុវត្តនៅមានខ្វះចន្លោះទាក់ទងនៃការបញ្ចាំដែលមានផលប៉ះពាល់ច្រើនយ៉ាង។ ប្រទេសកម្ពុជា ជាប្រទេសនីតិរដ្ឋ មានច្បាប់ត្រូវគោរពតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា អ្នកដែលត្រូវបំពេញកាតព្វកិច្ចទាំងឡាយត្រូវអនុវត្តតាមច្បាប់ ពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរអង្គភាពពាក់ព័ន្ធជាដៃគូរសហការជំរុញការអនុវត្ត អ្នកប្រកបផលរបរត្រូវធ្វើការគោរពឱ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រកបផលរបរធ្វើតាមច្បាប់។ ទន្ទឹមនោះ យើងត្រូវយល់ដឹងពីច្បាប់ ទើបយើងជំរុញឱ្យពួកគាត់អនុវត្តច្បាប់។ យើងត្រូវដឹងថា នៅខេត្តព្រះសីហនុមានអ្នករកស៊ីទទួលបញ្ចាំប៉ុន្មាននាក់ ក្រុមហ៊ុនអចលនទ្រព្យប៉ុន្មានដែលទាក់ទងនឹងច្បាប់ទម្លាប់។
ឯកឧត្តមបានបន្តថា កិច្ចប្រជុំនេះជាការចែករំលែកឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធមានការយល់ដឹងពីការគ្រប់គ្រងអាជីវកម្មបញ្ចាំអចលនវត្ថុរួមគ្នាគ្រប់គ្រងទាក់ទងនឹងសកម្មភាពទៅនឹងច្បាប់។ ហើយក៏ជាចំណេះដឹងថ្មីមួយដែលយើងចាប់ផ្តើម ហើយបងប្អូនត្រៀមជាសំនួរ ផ្តល់មតិយោបល់ដល់ក្រុមការងារធ្វើការបកស្រាយកាន់តែទូលំទូលាយដើម្បីឱ្យអាជ្ញាធរមូលដ្ឋានរួមសហការជំរុញការគ្រប់គ្រងតាមច្បាប់ ផ្តើមចេញពីការសម្រង់ស្ថិតិ នៃការគ្រប់គ្រងទីតាំងទទួលបញ្ចាំ តើខេត្តមានកន្លែងបញ្ចាំប៉ុន្មាន ដើម្បីឱ្យអាជីវកម្មរបស់យើងមានច្បាប់ត្រឹមត្រូវ។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា កិច្ចប្រជុំផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់សម្រាប់មន្ត្រីរបស់យើង ដើម្បីធ្វើការស្វែងយល់ ចែករំលែកដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដែលមានទីតាំងបើកអាជីវកម្មទទួលបញ្ចាំ រួមគ្នាធ្វើការគ្រប់គ្រង រួមគ្នាដោះស្រាយឱ្យមាននិរន្តរភាពតាមលិខិតបទដ្ឋានគតិយុត្តិ ជាគុណប្រយោជន៍ នៃការប្រមូលចំណូលពន្ធសម្រាប់ខេត្តព្រះសីហនុ។
លោក អ៊ិន មាត្រា អគ្គនាយករង នៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំមានប្រសាសន៍បើកកិច្ចប្រជុំក្នុងបរិបទនៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ឯកសារចក្ខុវិស័យផែនការហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង និងការអភិវឌ្ឍទីផ្សារ ដើម្បីរក្សាប្រព័ន្ធធនាគារ ហិរញ្ញវត្ថុ ផ្អែកលើឯកសារនេះ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកគ្រប់គ្រងវិស័យហិរញ្ញវត្ថុ វិស័យបញ្ចាំក្នុងគោលបំណង
១.ធានាប្រសិទ្ធភាព នៃការក្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ
២.ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកអភិវឌ្ឍ និងអ្នកប្រើប្រាស់
៣.បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ
៤.ធានាចីរភាពនៃការអភិវឌ្ឍវិស័យអចលនវត្ថុ សំដៅបង្កើនជំនឿទុកចិត្ត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
៥.រួមចំណែកទប់ស្កាត់សកម្មភាពលាងសម្អាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដោយមានគោលដៅកំណត់យន្តការវិធាន និងនីតិវិធីនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍអចលនវត្ថុនៅព្រះរាជាណាចក្រកម្ពុជាឱ្យមានវិសាលភាព អនុវត្តលើសកម្មភាពអាជីវកម្ម អភិវឌ្ឍអចលនវត្ថុកាន់តែមានប្រសិទ្ធិភាពខ្ពស់៕