ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឡឹម មិញ ថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការរយ:ពេល៣ឆ្នាំ (២០១៩-២០២១) និងលើកទិសដៅឆ្នាំបន្ត(២០២២-២០២៣) រវាងខេត្តព្រះសីហនុ (កម្ពុជា) និងខេត្តគៀនយ៉ាង (វៀតណាម) នៅខេត្តគៀនយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងបិទអង្គប្រជុំបូកសរុបលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តគៀនយ៉ាងរយៈពេល ៣ឆ្នាំ(២០១៩-២០២១) និងលើកទិសដៅសម្រាប់អនុវត្តបន្តរវាងខេត្តព្រះសីហនុ និងខេត្តគៀនយ៉ាង។ កិច្ចប្រជុំបូកសរុបលទ្ធផលសម្រេចបានតាមការគ្រោងទុក ពិសេសការទទួលបដិសណ្ឋារកិច្ច និងរៀបចំដំណើរទស្សនកិច្ចសិក្សាជូនគណៈប្រតិភូខេត្តព្រះសីហនុ បានសិក្សាស្វែងយល់អំពីការអភិវឌ្ឍទីក្រុង និងមូលដ្ឋានសក្តានុពល និងភាពរីកចំរើនរបស់ខេត្តគៀនយ៉ាង។ សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តគៀនយ៉ាង ដែលសម្រេចបានក្នុងរយៈពេល ០៣ឆ្នាំកន្លងមក(២០១៩- ២០២១) ទោះបីប្រទេសយើងទាំងពីរ ក៏ដូចជាប្រទេសនានាទូទាំងសកលលោកប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ភាគីទាំងពីរបានធ្វើការសហការគ្នារួមគ្នាដោះស្រាយរាល់បញ្ហា ដើម្បីរួមចំណែកការការពារសន្តិសុខ សុខុមាលភាពសង្គម សុវត្ថិភាព នៃការឆ្លងដែនការការពារលើដែនសមុទ្រ និងបទល្មើសនានាជាដើម។
ឯកឧត្តម អភិបាលខេត្ត បានឯកភាព ការលើកឡើងនៅក្នុងបទអន្តរាគមន៍របស់មន្ទីរ អង្គភាពជំនាញនៃខេត្តទាំងពីរពិតជាបានឆ្លុះបញ្ចាំងអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងការចែករំលែកបទពិសោធន៍ល្អៗឱ្យគ្នាទៅវិញទៅមក។ ទន្ទឹមនេះយើងក៏ត្រូវជំរុញបំពេញបន្ថែម និងដាក់ចេញនូវផែនការអនុវត្តជាក់ស្តែងលើកិច្ចការមួយចំនួនទៀត ដែលនៅមានភាពចន្លោះប្រហោង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ និងទទួលបានលទ្ធផលល្អប្រសើរថែមទៀត ពិសេសអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់លើការទប់ស្កាត់ និងបង្ក្រាប បទល្មើសទាំងឡាយដូចជា ការជួញដូរ និងការដឹកជញ្ជូនគ្រឿងញៀន ការជួញដូរស្ត្រី និងកុមារ អំពើឧក្រិដ្ឋកម្មឆ្លងដែន ការឆ្លងដែនខុសច្បាប់ ការឆក់ប្លន់តាមដែនសមុទ្រ និងបណ្ដាបទល្មើសផ្សេងៗទៀត ដែលកើតមាននៅលើដែនសមត្ថកិច្ចនៃខេត្តនីមួយៗ។
ឯកឧត្តម ឡឹម មិញ ថាញ់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាងបាន ឱ្យដឹងថា កិច្ចសហប្រតិបត្តិការមិត្តភាពរវាងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធរវាងខេត្តទាំងពីរតាមឯកសារដែលបានចុះហត្ថលេខា ពិសេសការការពារសន្តិសុខនៅតាមព្រំដែន បង្ការប្រយុទ្ធប្រឆាំងបទល្មើស រួមចំណែករក្សាស្ថេរភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌អប់រំ។ ហើយលទ្ធផលដែលសម្រេចបានរយៈពេល ៣ឆ្នាំ (២០១៩-២០២១) យើងបានបង្កើតចេញនូវទស្សនវិស័យសហប្រតិបត្តិការជិតស្និតការពារលម្ហសមុទ្រ រួមគ្នាប្រយុទ្ធប្រឆាំងបទល្មើស និងសហប្រតិបត្តិការក្នុងការរុករក ជីកគាស់ និងការធ្វើមាតុនិវត្តនូវឥដ្ឋធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីនៅសម័យសង្គ្រាមនៅកម្ពុជា នៅខេត្តព្រះសីហនុ នេះជាភាពងាយស្រួលក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើគ្រប់វិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម វិស័យការពារជាតិ សន្តិសុខ។ យើងមានការបេ្តជ្ញាចិត្តរួមគ្នា ក្នុងកិច្ចសហប្រតិបត្តិការសម្រាប់ស្ថេរភាពឱ្យសម្បូរុងរឿង ឈរលើស្មារតីនៃកិច្ចប្រជុំ
១.ពង្រឹងចំណងសាមគ្គីភាពជាមួយខេត្តព្រះសីហនុ ដូចពាក្យស្លោក “ជាភូមិផងល្អប្រសើរ” មិត្តភាពជាប្រពៃណីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
២.ថ្នាក់ដឹកនាំខេត្តទាំងពីរសហប្រតិបត្តិការជិតស្និតជា មួយមន្ទីរ ស្ថាប័ន នៃខេត្តទាំងពីរអនុវត្តនូវខ្លឹមសារដែលបានចុះហត្ថលេខា ដើម្បីការពារជាតិ សន្តិសុខ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាស្ថេរភាពខេត្តនីមួយៗ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
៣.កងកម្លាំងប្រដាប់អាវុធបង្កើតកិច្ចសហប្រតិបត្តិការជិតស្និត មិនឱ្យអង្កការណាមួយប្រើប្រាស់ទឹកដី ដើម្បីបំភ្លេចបំផ្លាញសន្ថិភាព ស្ថេរភាព សន្តិសុខនៅតាមព្រំដែន ថែរក្សាឱ្យបានគង់វង់ចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីវៀតណាម កម្ពុជា
៤.ឈរលើមូលដ្ឋានកិច្ចព្រមព្រៀងរវាងខេត្តគៀនយ៉ាង និងខេត្តព្រះសីហនុ និងការអភិវឌ្ឍនូវបណ្តាវិស័យដែលបានសហការឱ្យទទួលបានលទ្ធផលល្អត្រចេះត្រចង់៕