ល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សា នៅសកលវិទ្យាល័យគៀនយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការសំណេះសំណាលជាមួយនិស្សិតអាហាររូបករណ៍កម្ពុជាដែលកំពុងសិក្សានៅសកលវិទ្យាល័យគៀនយ៉ាង ថ្ងៃនេះដោយមានការសម្របសម្រួលរបស់ខេត្តគៀនយ៉ាង រៀបចំប្រតិភូដើម្បីពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការរវាងខេត្តព្រះសីហនុ និងខេត្តគៀនយ៉ាង និងបានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិការអាស៊ាន នេះជាមោទនភាពដែលកម្ពុជាឆ្លងកាត់សង្គ្រាមអស់ជឆច្រើនទស្សវត្ត។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសមានការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានសុខសុវត្ថិភាព ដែលថ្នាក់ដឹកនាំប្រទេសមហាអំណាចធំៗបានចួលរួមកិច្ចប្រជុំអាស៊ាននៅកម្ពុជា ។
ឯកឧត្តម អភិបាលខេត្តបានបន្តថា កម្ពុជាបានរៀបចំកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០១២កន្លងមក ធ្វើឱ្យមេដឹកនាំនៅលើពិភពលោកបានធ្វើការវាយតម្លៃ នៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអាស៊ីបូពាទទួលបានលទ្ធផលល្អ។ កម្ពុជាទទួលបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រកបដោយសុវត្ថិភាពសម្រាប់ថ្នាក់ដឹក នាំប្រទេសអាស៊ាន និងបណ្តាប្រទេសធំៗដែលមកចូលរួមកិច្ចប្រជុំវេទិការអាស៊ាននៅកម្ពុជា។
ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ក្មួយៗស្ថិតក្នុងការសិក្សាដែលមាន ៧មុខ ជំនាញ ដែលមាននិស្សិតជាង ៤៧នាក់នៅខេត្តគៀនយ៉ាង ហើយការជួបជុំគ្នានាពេលនេះក្នុងគ្រួសារខ្មែរតែមួយដែលបានមកសិក្សារៀនសូត្រនៅក្រៅប្រទេស ជាឈ្នាន់ នៃការទទួលបានអនាគតរបស់ក្មួយៗទាំងអស់គ្នា សុំឱ្យក្មួយៗខិតខំសិក្សារៀនសូត្រប្រកបដោយក្តីសង្ឃឹម ព្រោះកម្ពុជា ត្រូវការធនធានមនុស្សក្នុងការចូលរួមដឹកនាំប្រទេសជាតិ ទន្ទឹមនោះយើងក៏ត្រូវនាំគ្នាថែរក្សាសុខសន្តិភាព ហើយកត្តាសុខសន្តិភាព គឺផ្តល់អត្ថប្រយោជន នៃការបង្កើនសេដ្ឋកិច្ចសង្គម និងបង្កើនជីវភាពប្រជាពលរដ្ឋ។ យើងត្រូវមានមនោសញ្ចេតនាចេះជួយគ្នាក្នុងការសិក្សា និងសុខភាព ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីបំរើប្រទេសជាតិរបស់យើងកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការសម្តេចតេជោ ជូននិស្សិតចំនួន១៥នាក់ ក្នុងម្នាក់ ៨០ម៉ឺនរៀល។