នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអធិបតីក្នុងព្រឹត្តការណ៍បិទពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២២ (Cambodia Biz fair 2022) នៅជិតដើមឈើចាំស្នេហ៍ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ ក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២២ ដោយក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ និងក្នុងនាមឯកឧត្តមផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុង(ពិធី
បិទព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ២០២២) ដែលបានប្រព្រឹត្តិទៅរយៈពេល ៥ថ្ងៃ សូមធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ PATA CAMBODIA CHAPTER ដែលបានសហការជាមួយក្រសួងទេសចរណ៍ ក្នុងការរៀបចំពិព័រណ៍នេះដោយបាននាំមកនូវអ្នកទិញ និងអ្នកលក់ផលិតផលចម្រុះ និងអាជីវកម្មទេសចរណ៍ចំនួន ២០០ស្តង់ ដែលក្នុងនោះក្រុមហ៊ុនអ្នកលក់បរទេសចំនួន៣០ក្រុមហ៊ុន និងអ្នកទិញ ៦៥ក្រុមហ៊ុន មកពីឥណ្ឌា ទួរគី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម ព្រមទាំងអ្នកវិនិយោគ និងក្រុមហ៊ុនអ្នកទិញកម្ពុជាចំនួន ១៥ក្រុមហ៊ុន ក្នុងគោលបំណងបង្កើតបណ្តាញ និងផ្តល់ឱកាសសម្រាប់ក្រុមហ៊ុនក្នុងការស្វែងរកដៃគូអាជីវកម្មសមស្របបំផុតរបស់ពួកគេ ដើម្បីជួយជំរុញ និងស្តារវិស័យទេសចរណ៍កម្ពុជានិងតំបន់ឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថាក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធី«តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ២០២២» ទេសចរណ៍ម្ហូបអាហារ ភេសជ្ជៈ និងសម្ភារៈចម្រុះ ដូចជាស្តង់ ក្រុមហ៊ុនរថយន្ដ ក្រុមហ៊ុនលក់លំនៅដ្ឋាន រមណីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងក្រុមហ៊ុនកែច្នៃម្ហូបអាហារខ្មែរ រួមទាំងស្តង់លក់ម្ហូបអាហារដូចជា គួងត្រីកាម៉ុង នំបញ្ចុក នំខ្មែរ បង្អែមការ៉េម ភេសជ្ជៈ តែ កាហ្វេរ ផ្លែឈើស្រស់ និងវត្ថុអនុស្សាវរីយ៍ អមដោយព្រឹត្តិការណ៍សំខាន់ៗដូចជា ការជួបពិភាក្សារវាងអ្នកលក់និងអ្នកទិញ ក៏ដូចជាការបង្ហាញនូវផលិតផល សេវាកម្មរបស់ក្រុមហ៊ុន សិក្ខាសាលាផ្សព្វផ្សាយទីផ្សារគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីសុខភាព និងមិត្តភាព ទាំងនេះពិតជាព្រឹត្តិការណ៍ទាក់ទាញ ទេសចរណ៍ដ៏សំខាន់ និងបានចូលរួមចំណែក
ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ និងផ្ដល់ភាពសប្បាយរីករាយដល់អ្នកចូលរួមតាំងពិព័រណ៍ ភ្ញៀវ និងប្រជាពលរដ្ឋចូលរួមប្រមាណ ៨ម៉ឺននាក់។
ឯកឧត្តម អភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនកុំឆ្លៀតឱកាសលក់ឡើងថ្លៃ សុខចិត្តចំនេញតិចៗ ប៉ុន្តែភ្ញៀវមកបន្តបន្ទាប់។
នាឱកាសនោះផងដែរឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍លើកឡើងថា ការតាំងពិព័រណ៌អន្តរជាតិនេះគឺ ដើម្បីឱ្យអ្នកទិញ និងអ្នកលក់បានជួបជុំគ្នាដែលមាន ៨ប្រទេសចូលរួមនាពេលនេះគឺជាព្រឹត្តិការណ៍អន្តរជាតិក្នុងការប្រមូលផ្ដុំរវាងអ្នកលក់និងអ្នកទិញក្នុងវិស័យទេសចរណ៍ ក៏ដូចជាវិស័យចំណីអាហារផងដែរ ហើយម្យ៉ាងវិញទៀតធ្វើឱ្យពួកគាត់បានជួបពិភាក្សាគ្នាដោយផ្ទាល់ក្នុងការផ្លាស់ប្ដូរ និងស្វែងរកឱកាសចាប់ដៃគូរដើម្បីនាំភ្ញៀវទេសចរពីក្រៅប្រទេសមកលេងនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន។
ដោយក្នុងនោះឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថាដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំក្នុងការស្វែងរកវ៉ាក់សាំងកូវីដ-១៩ ចាក់ស្រោចជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃ និងទប់ស្កាត់ការឆ្លងរាលដោយជោគជ័យរហូតឈានបើកសេដ្ឋកិច្ចទេសចរណ៍ឡើងវិញខណៈប្រទេសមួយចំនួនកំពុងប្រឈមទៅនឹងជំងឺកូវីដ-១៩នៅឡើយ ហើយក្នុងការបើកពិព័រណ៍នេះ ជាឱកាសមួយផ្សព្វផ្សាយទៅដល់អន្តរជាតិ ដើម្បីឱ្យស្គាល់អំពីគោលដៅទេសចរណ៍ដ៏មានតម្លៃរបស់ប្រទេសកម្ពុជាយើង ជាពិសេសនៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលមានសក្តានុពលទាំងដីគោក និងដីកោះដោយរួមមានឆ្នេរសស្រស់ស្អាត ដែលជាប់ជាក្លឹបឆ្នេរស្អាតពិភពលោកនិងជាតារារះនាទិសនិរតី នៃប្រទេសកម្ពុជា ព្រោះទេសចរណ៍គឺជាវិស័យដល់សំខាន់មួយ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយផ្អែកលើវប្បធម៌ និងធម្មជាតិ ដោយរាជរដ្ឋាភិបាលបានចាត់ទុកថាជា “មាសបៃតង”។