នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងការរៀបចំពិធីបណ្តែតប្រទីប អកអំបុក សំពះព្រះខែ និងបង្ហោះគូម នៅអាងទឹកភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកលោកស្រីអភិបាល អភិបាលរងស្រុក មេឃុំ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋស្រុកព្រៃនប់។
ក្នុងឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្របានធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្ដិភាព និងមានការអភិវឌ្ឍរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង។ កត្តាសន្តិភាពបានជម្រុញឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទទួលបាននូវសុភមង្គលគ្រប់ក្រុមគ្រួសារ និងមានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមប្រារព្ធពិធីបុណ្យប្រពៃណីជាតិ និងបុណ្យសាសនាផ្សេងៗ យ៉ាងសប្បាយរីករាយ ហើយកម្ពុជាទទួលបានឱកាសការងារយ៉ាងច្រើននៅទូទាំងប្រទេស។
ឯកឧត្ដមអភិបាលរងខេត្ត បានថ្លែងការកោតសរសើរ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គការសង្គមស៊ីវិល ពិសេសស្មារតីទទួលខុសត្រូវរបស់អាជ្ញាធរ ថ្នាក់ដឹកនាំបានសហការគ្នាចូលរួមយ៉ាងសស្រាក់សស្រាំរៀបចំពិធីនេះឡើង ដើម្បីឱ្យកូនចៅរបស់យើងបានស្គាល់នឹងរក្សាបាននូវទំនៀមទំលាប់ប្រពៃណីខ្មែរសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។ ហើយក៏ជាការបើកព្រឹត្តិការណ៍សប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងខេត្ត អ្នកទេសចរ និងអ្នកវិនិយោគចូលរួមកម្សាន្តសប្បាយរីករាយ។
ឯកឧត្ដម អភិបាលរងខេត្ត បានបញ្ជាក់ថា នេះជាមោទនភាពដែលយើងទាំងអស់គ្នាបានចូលរួមថែរក្សាប្រពៃណី វប្បធម៌ដ៏ផូរផង់របស់ខ្មែរ ដើម្បីផ្តល់ភាពសប្បាយរីករាយអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ការបង្ហោះគូម និងមានការប្រគុំតន្រ្តីបាញ់កាំជ្រួចបង្កើនការសប្បាយរីករាយជូនប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានធ្វើការបួងសួងសុំសេចក្តីសុខចម្រុងចម្រើនសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសទទួលបានសេចក្តីសុខនិងភាពរីកចម្រើនគ្រប់ក្រុមគ្រួសារ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា៕