ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធី បុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ ២០២២ នៅសាលាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ ក៏ដូចជាការបញ្ជៀសការកកកុញមនុស្សច្រើនអាចបណ្តាលឱ្យមានគ្រោះថ្នាក់រត់ជាន់គ្នាជាដើម។
ឯកឧត្តម បានបញ្ជាក់ថា បញ្ហាសំរាម កាកសំណល់ទាំងក្នុងពេលរៀបចំព្រឹត្តិការណ៍ និងក្រោយពេលព្រឹត្តិការណ៍ចប់ត្រូវធ្វើយ៉ាងណាឱ្យបានស្អាត។ យើងក៏រៀបចំការតុបតែងទីក្រុង ទីសាធារណៈ ព្រមទាំងរៀបចំផ្ទះប្រជាពលរដ្ឋសម្រាប់ទទួលស្វាគមន៍ភ្ញៀវទេសចរនាឱកាសពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍បើកកិច្ចប្រជុំថា «ពិធីបុណ្យសមុទ្រ ជាឱកាសបង្ហាញពិភពលោកអំពីជោគជ័យរបស់កម្ពុជា ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយជោគជ័យ កម្ពុជាបានបើកប្រទេស និងបើកសេដ្ឋកិច្ចសង្គមឡើងវិញ មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគ»។ ខេត្តព្រះសីហនុ មានការអភិវឌ្ឍនូវសមិទ្ធផលជាច្រើនមានដូចជាហេដ្ឋារចនាសម្ពន្ធនានា ទន្ទឹមនោះការរៀបចំសេវាស្នាក់នៅ និងសេវា កម្មម្ហូបអាហារជូនភ្ញៀវទេសចរ ការ គ្រប់គ្រងតម្លៃសេវា ការទុកដាក់កាកសំណល់ទាំងនៅក្នុងទីតាំងអាជីវកម្ម និងទីសាធារណៈទៀតផងឱ្យមានសោភ័ណភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមាន ការតាំងពិព័រណ៍បង្ហាញផលិតផលក្នុងស្រុកឱ្យបានច្រើនស្របតាមចលនា «ភូមិមួយ ផលិតផលមួយ» ជាអាទិភាពសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ ហើយប្រធានអនុគណៈកម្មការនីមួយៗត្រូវពន្លឿនការងារដោយទទួលបន្ទុករៀងៗខ្លួនដើម្បីឱ្យពិធីបុណ្យសមុទ្រប្រព្រឹត្តទៅរលូន។
ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រមានស្ដង់ពិព័រណ៍ចំនួន ៣៥០ស្ដង់ រៀបចំនៅតាមបណ្ដោយផ្លូវទីលានសម្ដេចតេជោ ក្នុងនោះមានស្ដង់ពិព័រណ៍របស់ក្រសួងស្ថាប័នពាក់ព័ន្ធ ស្ដង់តំបន់អភិវឌ្ឍទេសចរណ៍ ស្ដង់បង្ហាញពីឧស្សាហកម្ម ៤.០ ស្ដង់សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក ស្ដង់ទេសចរណ៍ ស្ដង់ស្ថានទូត និងស្តង់ទេសចរណ៍បរទេស និងស្ដង់ដៃគូឧបត្ថម្ភនានា ពិសេស គឺស្ដង់ម្ហូបអាហារខ្មែរ និងបរទេស។
សូមបញ្ជាក់ថា បុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជាក៏ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតកឹ្លបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកចាប់ពីថ្ងៃទី ៩-១៤ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»៕