កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ ឆ្នាំ២០២២ ស្តីពីកម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព ការចាក់វ៉ាក់សាំងកូវីដ-១៩ និងទិសដៅអនុវត្តបន្ត។
ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឈូរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ ឆ្នាំ២០២២ ស្តីពីកម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព ការចាក់វ៉ាក់សាំងកូវីដ-១៩ និងទិសដៅអនុវត្តបន្ត នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ ដោយមានការចូលរពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរ ពាក់ព័ន្ធ មេឃុំ ចៅសង្កាត់ និងអ្នកអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់។
ឯកឧត្តម ឈូរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានថ្លៃងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីអនុវត្តគម្រោងដែលបានពង្រីកការអនុ វត្តការងារតាមចក្ខុវស័យរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងឆ្លុះបញ្ចាំងពីវឌ្ឍនភាពការងារឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលា ម្យ៉ាងទៀតដោយមានកិច្ចសហការពីភាគីពាក់ព័ន្ធ។ ពិសេសមន្រ្តីអនុវត្តកម្មវិធីដែលជាកងទ័ពអាវសរក្នុងការចុះអនុវត្តការងារអំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ ដែលមានអាជ្ញាធរមូលដ្ឋានចូលរួមសហការអនុវត្តសកម្មភាពកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ហើយកម្មវិធីនេះត្រូវបានពានរង្វាន់លេខមួយតំបន់អាស៊ានដែលប៉ះពាល់ដោយវិបត្តិកូវីដ ១៩។ ទន្ទឹមនឹងសមិទ្ធផលនេះ យើងមានមោទនៈភាពដែលរាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រស្របតាមគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការរបស់រាជរដ្ឋាភិបាល បានផ្ទេរអំណាចមករដ្ឋបាលថ្នាក់ក្រោមជាតិតាមទិដ្ឋភាពបច្ចេកទេស ដោយភាពម៉ត់ចត់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអនុវត្តការងារឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្ររងផលប៉ះពាល់ជំងឺកូវីដ-១៩ ជាមន្ទីរស្នូល និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធដូចជា មន្ទីរផែនការ មន្ទីរសុខាភិបាល និងមេឃុំ ចៅសង្កាត់។ ហើយបញ្ហាប្រឈមជំរឿនគ្រួសាររងហានិភ័យនៅតាមមូលដ្ឋាន ស្របនឹងគោលនយោបាយគាំព៌ាសង្គមទទួលបានជោគជ័យ សំខាន់គោលនយោបាយគាំព៌ាសង្គមដែលជារឿងរបស់យើងទាំងអស់គ្នារួមគ្នាទទួលខុសត្រូវ ដើម្បីផលប្រយោជន៍សុខសន្តិភាព ហើយគុណតម្លៃ និងគុណប្រយោជន៍ផ្តល់ជូនប្រជាពលរដ្ឋរបស់យើង ជាចលនាជំរុញកំណើនសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ពីសុខទុក និងដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រ ការងារគាំព៌ាសង្គម ដែលជាចំណុចសក្តានុពលក្នុងរបបប្រជាធិបតេយ្យ។
ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំឱ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ជួយបណ្តុះបណ្តាលជំនួយការហិរញ្ញវត្ថុឃុំ សង្កាត់ ជាអ្នកទទួលបន្ទុកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីចុះធ្វើសម្ភាសជំរឿនប្រជាពលរដ្ឋដែលរងហានិភ័យនៅតាមមូលដ្ឋានដោយការទទួលខុសត្រូវ ដើម្បីឱ្យមាននិរន្តរភាពការងារនៅតាមឃុំ សង្កាត់ ម្យ៉ាងទៀតមេឃុំ ចៅសង្កាត់ត្រូវមានលេខកូដក្នុងដៃក្នុងការវាយតម្លៃ និងអនុម័ត នៃការធ្វើជំរឿនប្រជាពលរដ្ឋរបស់ខ្លួនដែលរងហានិភ័យ និងប្រជាពលរដ្ឋក្រីក្រ។ ទន្ទឹមនោះមន្ត្រីរបស់យើងត្រូវមានឥរិយាបទល្អ នៃការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលបានផ្ទេរអំណាចមកថ្នាក់មូលដ្ឋានប្រកបដោយឆន្ទះ។ យើងត្រូវទទួលយកសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋ និងជម្រុញចុះស្រង់ស្ថិតិ និងជំរឿនប្រជាពលរដ្ឋរងហានិភ័យនៅក្នុងមូលដ្ឋាន ជាឱកាសជួយប្រជាពលរដ្ឋក្រីក្ររបស់យើងនៅមូលដ្ឋានឱ្យទទួលបានថវិកាគាំព៌ាសង្គមនាពេលខាងមុខ។
តាមរបាយការរបស់មន្ទីរសង្គមកិច្ច រយះពេល ៩ខែ ឆ្នាំ២០២២ អ្នកទទួល ផលសរុបចំនួន ៦,៥១៤គ្រួសារ អស់ទឹកប្រាក់សរុប ១១,៤៩៥,០៦៨,០០០រៀល បើធៀប ៩ខែ ឆ្នាំ២០២១ មានចំនួន ១១,៥៧១គ្រួសារ មានការថយចុះ ៥,០៥៧គ្រួសារ ដោយសារប័ណ្ណមួយចំនួនអស់សុពលភាព និងប័ណ្ណមួយចំនួនត្រូវដកសិទ្ធ៕