ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សា ស្តីពីដំណើរចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុននៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បញ្ជាការមូលដ្ឋានសមុទ្រ មេបញ្ជាការរងកងរាជអាវុធហត្ថ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ ស្តីពីការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនាពេលខាងមុខ រដ្ឋបាលខេត្តព្រះសីហនុចូលរួមសហការធ្វើការងារជាមួយកងនាវាស្វ័យការពារជប៉ុន។ កន្លងមកនាវាស្វ័យការពារជើងទឹកជប៉ុនបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាជាច្រើនលើក រួចមកហើយ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្ពុជា ជប៉ុន ហើយប្រទេសទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ សម្រាប់ការចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន បង្ហាញពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និតបន្ថែមទៀត។
លោកវរសេនីយិ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណគុណរដ្ឋបាលខេត្ត និងកងកម្លាំងដែលអនុញ្ញាតិឱ្យរូបលោកបានចូលជួបពិភាក្សា ដើម្បីរៀបចំសកម្មភាពផែនការនៃការចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
លោកបានបន្តថា ខ្ញុំបានចាប់អារម្មណ៍ ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្នហើយនេះក៏ជាលើកទីមួយដែលរូបលោកបានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ ខ្ញុំគិតថាកំពង់ផែស្វយ័តក្រុងព្រះសីហនុធំទូលាយអាចឱ្យនាវាស្វ័យការពារជើងទឹកជប៉ុនចូលចតប្រកបដោយសុវត្ថិភាព និងជាការផ្លាស់ប្តូរវិស័យការពារជាតិនៃប្រទេសទាំងពីរជាទស្សនវិស័យល្អមួយ។ លោកមានសេចក្តីរីករាយដែលរដ្ឋបាលខេត្តអនុញ្ញាតិឱ្យនាវាស្វ័យការពារជើងទឹកជប៉ុនចូលចតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកបដោយសុវត្ថិភាព៕