នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុបានចុះរុះរើកញ្ចុះនៅលើឆ្នេរអូរឈើទាល ដែលស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
លោកនាយកទីចាត់ការអន្តរវិស័យ និងជាប្រធានក្រុមការងារបានលើកឡើងថា ចំពោះការសាងសង់កញ្ចុះទាំងនេះ គឺសង់ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានបង្កឱ្យមានការប៉ះពាល់លើដីចំណីឆ្នេរសាធារណៈ ដែលបច្ចុប្បន្ន ទាំងអាជ្ញាធរខេត្តអាជ្ញាធរក្រុង និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំចំណីឆ្នេរទាំងអស់ នៅក្នុងក្រុងនៃខេត្តព្រះសីហនុឱ្យបានស្អាតមានសោភ័ណភាពសម្រាប់ឱ្យប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ដោយមិនអនុញ្ញាតឱ្យបុគ្គលឬក្រុមហ៊ុនណាយកឆ្នេរសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិឬសាងសង់អ្វីនោះឡើយ។
លោកបានបន្ថែមទៀតថា ក្នុងការចុះពិនិត្យ និងណែនាំនេះផងដែរ ម្ចាស់ទីតាំង បានទទួលស្គាល់នូវកំហុសឆ្គង និងបានចូលរួមសហការជាមួយអាជ្ញាធរ ដោយយល់ព្រមរុះរើដោយខ្លួនឯងវិញ។