ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត អភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
តំបន់សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ដែលមានផ្ទៃដីទំហំជាង ២០ហិកតា កំពុងត្រូវបានធ្វើការអភិវឌ្ឍទាក់ទាញជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលតំបន់កោះរ៉ុង នៃខេត្តព្រះសីហនុ ភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកលេងកម្សាន្តតំបន់កោះ មិនភ្លេចសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនប្រកបដោយផាសុខភាពសម្រាប់ភ្ញៀវទេសចរ ព្រមទាំងមានបរិស្ថាន អនាម័យ ខ្យល់បរិសុទ្ធល្អថែមទៀតផង។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យលោកប្រធានសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ត្រូវខិតខំយកចិត្តទុកដាក់កែច្នៃតំបន់នេះឱ្យក្លាយជាតំបន់អេកូទេសចរណ៍ទាក់ទាញ ព្រោះទីតាំងនេះសម្បូរទៅដោយព្រៃកោងកាង មានរុក្ខជាតិចម្រុះ និងជីវចម្រុះជាច្រើនប្រភេទតាមបែបធម្មជាតិ ដូច្នេះយើងត្រូវចេះកែច្នៃតំបន់ព្រៃកោងកាងជាកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិ និងទេសចរបរទេស ទន្ទឹមនឹងការចូលរួមការពារថែរក្សា អភិរក្ស យើងត្រូវរួមគ្នាធ្វើការដាំដុះកូនកោងកាងបន្ថែមទៀតឱ្យកាន់តែមានភាពស្រស់ស្អាត និងកាន់តែមានភាពទាក់ទាញ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា តំបន់សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង (សហគមន៍ គ្មានផ្លាស្ទីក) នៅពេលខាងមុខប្រែមុខមាត់ថ្មី អាចជួយបង្កើនការងារជូនប្រជាពលរដ្ឋរស់នៅតំបន់កោះឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង ទន្ទឹមនោះយើងត្រូវរួមគ្នាចូលរួមថែរក្សាអនាសម័យ បរិស្ថាន ពិសេសរួមគ្នាអភិរក្សព្រៃកោងកាងប្រកបដោយចីរភាព ដែលជាតម្រូវការចាំបាច់សម្រាប់ភ្ញៀវទេសចរ និងជីវចម្រុះគ្រប់ប្រភេទ ពិសេសភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមបណ្តាកោះ មិនភ្លេចសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងក្នុងភូមិសាស្ត្រក្រុងកោះរ៉ុងរបស់យើងកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ៕