រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្តាប់បទបង្ហាញស្តីពីគម្រោងរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុនឡឺសូឡីម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក (LE SOLEIL MEILAN INTERNATIONNAL TRAVEL Co., LDT)។
តំណាងក្រុមហ៊ុនឡឺសូឡីម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក (LE SOLEIL MEILAN INTERNATIONNAL TRAVEL Co., LDT) បានធ្វើបទបង្ហាញពីគម្រោងរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ទល់មុខនឹងអគាររបស់ក្រុមហ៊ុន មានទំហំទទឹង១០០ម៉ែត្រ បណ្តោយ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរប្រមាណ២០ម៉ែត្រ នៅលើសមុទ្រដែលមានកីឡាដូចជា ប្រាសាទទឹក បាល់ទះលើទឹក ពោងបង្វិលលើទឹក ទូកពោង ពោងបណ្តែតលើទឹក ទោងជិះកម្សាន្ត និងទូកក្តោងជាដើម។ ក្រុមហ៊ុនមានបុគ្គលិកសម្អាតឆ្នេរជាប្រចាំ និងមានឆ្មាំសម្រាប់ជួយសង្គ្រោះផងដែរ។
គម្រោងវិនិយោគកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រនេះ នឹងជួយទាក់ទាញទេសចរចូលមកកំសាន្តនៅខេត្តកាន់តែច្រើនឡើង។
បន្ទាប់ពីស្តាប់បទបង្ហាញ អង្គប្រជុំបានពិភាក្សា និងសម្រេចដូចខាងក្រោម៖
-គាំទ្រចំពោះគម្រោងរៀបចំសួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុនឡឺសូឡីម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក
-ក្រុមហ៊ុនត្រូវដាក់ពាក្យចុះបញ្ជីវិនិយោគ តាមយន្តការអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ
-បន្ទាប់ពីក្រុមហ៊ុនដាក់ពាក្យចុះបញ្ជីរួច អនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវបើកកិច្ចប្រជុំពិនិត្យលើសំណើរបស់ក្រុមហ៊ុន និងពិភាក្សាលើលក្ខខណ្ឌដែលត្រូវអនុវត្ត
-អនុគណៈកម្មាធិការវិនិយោគខេត្ត ត្រូវពិភាក្សាឆ្លងយោបល់ផ្លូវច្បាប់ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានអនុវត្តនីតិវិធីបន្ត។