រសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងពិធីពិព័រណ៍នំខ្មែរ លើកទី១ ឆ្នាំ២០២២ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ មានចំនួន៥ស្តង់ មានប្រភេទនំចំនួន ៤៩មុខ ក្នុងនោះដែលមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ យុវជនសសយក យុវជនអមត សិស្ស និស្សិត និងមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក គង់ វិតាណៈ អភិបាលរងខេត្តបានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំកៀគរ ប្រមែប្រមូល នូវធនធានមនុស្ស ដែលមានចំណេះ ជំនាញក្នុងការវេចខ្ចប់ ចំអិន តុបតែង នំខ្មែរជាច្រើនរូប បាននាំមកនូវ នំខ្មែរប្រហែល៥០មុខ ដែលបានបង្ហាញនៅពិព័រណ៍នេះ ។
លោកបានលើកឡើងថា តាមរយៈការងារនេះ បង្ហាញឱ្យឃើញ នូវការអភិរក្ស និងអភិវឌ្ឍន៍ មរតកវប្បធម៌អរូបិយដែលជាស្នាដៃ ជាដួងព្រលឹង ជាអត្តសញ្ញាណ នៃជាតិសាសន៍ខ្មែរ ហើយបង្ហាត់បង្រៀនដល់កូនចៅក្នុងគ្រួសារ ក្នុងសហគមន៍ រក្សាការពារ ឱ្យគង់វង្ស ដោយឈរលើការ អភិរក្ស និងអភិវឌ្ឍន៍ ទាំងរសជាតិ រចនារូបរាង វេចខ្ចប់ សោភ័ណ្ឌភាព ឱ្យជាលក្ខណៈខ្មែរ ទំនើបកម្ម និងឈានទៅលក់នៅក្រៅប្រទេសទៀត។
លោកបានបញ្ជាក់ទៀតថា ខ្មែរយើងមាននំខ្លះ ទាក់ទងទៅនឹងទំនៀមទំលាប់ ប្រពៃណី ដូចជា នំអន្សម និងនំគម តំណាងឱ្យភេទ ហើយជាគ្រឿងរណ្តាប់យ៉ាងសំខាន់ នៅក្នុងពិធីរៀបមង្គលការ ពិធីបុណ្យប្រពៃណី ពិធីបុណ្យសាសនាជាដើម។
ចុងក្រោយលោកអភិបាលរងខេត្តសង្ឃឹមថា នៅពេលពិព័រណ៍លើកក្រោយ យើងនឹងបានឃើញនូវប្រភេទនំផ្សេងៗទៀត ជាពុំខាន លើសពីនេះទៀត មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ត្រូវបង្កើតព្រឹត្តិការណ៍ វប្បធម៌ផ្សេងៗទៀត ដូចជា ដាំស្លរ សម្លៀកបំពាក់ប្រពៃណីក្នុងពិធីមង្គលការ និងពិធីបុណ្យសាសនា៕