ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក យិន ឆៃលី សកលវិទ្យាធិការរង នាយកមហាវិទ្យាល័យការពារជាតិ នៃសាកលវិទ្យាល័យការពារជាតិ ដឹកនាំនិស្សិតវគ្គ បណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦ សិក្សាស្វែងយល់ និងដកបទពិសោធន៍ការងារដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងការគ្រប់គ្រងរដ្ឋបាលខេត្តព្រះសីហនុ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើបាឋកថា អំពីការងារក្របខ័ណ្ឌគណៈបញ្ជាការឯកភាពខេត្ត ព្រមទាំងបានពាំនាំការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំខេត្តជូនចំពោះនិស្សិតវគ្គបណ្តុះបណ្តាល។ ខេត្តព្រះសីហនុមានឆ្នេរ កោះ៣០ ថ្មដុះ២កន្លែង និងថ្មប៉ប្រេះទឹក ៥កន្លែង តួនាទីរបស់គណៈបញ្ជាការឯកភាពខេត្ត ដែលមានស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត កងទ័ពជើងទឹក វរៈនគរបាលការពារព្រំដែនទឹកដែលជាសេនាធិការឱ្យគណៈបញ្ជាកាឯកភាពខេត្ត ក្នុងប្រតិបត្តិការរួមគ្នារៀបចំផែនការ ដោះស្រាយតាមស្ថានភាពជាក់ស្តែង យើងក៏បានធ្វើការប្រជុំរៀបចំផែនការការការពារប្រតិភូជាតិ អន្តរជាតិ និងរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ហើយថ្មីៗនេះ វរអន្តាគមន៍នគរបាលព្រំដែនទឹកបានជួយសង្គ្រោះជនរងគ្រោះលិចទូកនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ កាលពីខែកញ្ញាកន្លងមក នេះជាក្របខ័ណ្ឌ គណៈឯកភាពខេត្តបានរួមគ្នាធ្វើការដោះស្រាយបានទាន់ពេលវេលា។
ឯកឧត្តម អភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយឈ្នះឈ្នះធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាព ទន្ទឹមនឹងបានសន្តិភាពយើងបានលះបង់ធនធានមនុស្សយ៉ាងច្រើន ការធ្វើពលីកម្ម ដើម្បីសុខសន្តិភាព យើងត្រូវបន្តថែរក្សាសន្តិភាពរបស់យើងឱ្យនៅគង់វង្ស។
ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា ផ្តើមចេញពីការអភិវឌ្ឍខេត្តព្រះសីហនុ អភិវឌ្ឍលឿនឆាប់មានអគារធំស្កឹមស្កៃជាច្រើនដែលរាជរដ្ឋាភិបាលបានដកកញ្ចប់ថវិកាសន្សំរបស់ជាតិ ១០០ លានដុល្លា និងគោលនយោបាយ (ស្លឹកត្នោតខ្ចប់ស្កត្នោត) ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុមានដូចជា ផ្លូវ៣៧ខ្សែ បន្ទប់ទឹកសាធារណៈ លំហរឆ្នេរសាធារណៈ ការដាំដើមឈើនៅអមសងខាងផ្លូវក្នុងក្រុង អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងសក្តានុពលតំបន់ឆ្នេរជាច្រើនផ្សេងទៀត។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបង្កើតក្រុមប្រឹក្សារៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ និងបង្កើតគណៈកម្មាធិការអន្តរក្រសួង២ រៀបចំធ្វើផែនការមេ ដោយបានសហការជាមួយវិទ្យាស្ថានស៊ិនជិន (ប្រទេសចិន) រៀបចំផែនការមេខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចមួយសំខាន់ប្រកបដោយចិរភាព ដែលមានសោភ័ណភាព អនាម័យ បរិស្ថាន ទន្ទឹមនោះយើងត្រូវរួមគ្នាប្រមូលព័ត៌មាន ដើម្បីរៀបចំខេត្តព្រះសីហនុផ្តោតលើសក្តានុពលដែលមានស្រាប់ដូចជា កំពង់ផែទឹកជ្រៅ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយអង្គការ JICA ជប៉ុន សាងសង់កំពង់ផែជំហាន ទី១ និងទី២ ត្រូវបញ្ចប់នៅឆ្នាំ២០២៥ ខាងមុខ និងឈានទៅការអភិវឌ្ឍជំហាន ទី៣ (២០២៥-២០២៨)មានជម្រៅទឹករហូត ១៦.៥០ម៉ែត្រ អាចឱ្យនាវា ៩៧ ភាគរយ ធ្វើចរាចរណ៍នៅលើពិភពលោកចូលចតបានធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃចុះថោក។ អាកាសយានដ្ឋានអន្តរជាតិធ្វើការអភិវឌ្ឍពង្រីកផ្លូវរត់ ៣៤០០ម៉ែត្រ និងជំរុញការសាងសង់ស្ថានីយចេញដំណើរ។ ផ្លូវល្បឿនលឿន ភ្នំពេញ ខេត្តព្រះសីហនុ បើកប្រើប្រាស់បណ្តោះអាសន្នរយៈពេលមួយខែ។ តាមការចង្អុលបង្ហាញរបស់សម្តេចតេជោ និងគណៈកម្មការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើឱ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មីបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គម។ នៅចុងឆ្នាំនេះខេត្តព្រះសីហនុទទួលរៀបចំព្រឹត្តិការណ៍ជាច្រើនមានដូចជា បុណ្យសមុទ្រ មហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក និងការរៀបចំព្រឹត្កិការណ៍ប្រកួតកីឡាម៉ូតូទឹក និងកីឡាទូកក្តោងនៅចុងឆ្នាំ២០២២ខាងមុខនេះ ឈានទៅការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ការបង្ក្រាបល្បែងស៊ីសងគ្រប់ទម្រង់ ការ
ជួញដូរមនុស្ស ជួញដូរពលកម្ម ការជួញដូរផ្លូវភេទ និងការត្រួតពិនិត្យអត្តពលករបរទេសខុសច្បាប់នៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ តាមរយៈបណ្តឹងប្តឹងចូលតាមផេកសម្តេចក្រឡា ហោម ស ខេង មានរហូត ២៥៧ករណី យើងរកឃើញ ១៤ករណី មានពិរុទ្ធភាព ដើម្បីរួមចំណែកកាត់បន្ថយអំពើល្មើសនៅខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្តម្ភថវិកាជូននិស្សិតបណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦ នៃសាកលវិទ្យាល័យការពារជាតិចំនួន ១១៤នាក់ ក្នុងម្នាក់ថវិកា ១០ម៉ឺនរៀល៕