នាព្រឹកថ្ងៃពុធទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានជម្រាបជូនពីសមត្ថភាព នៃអាងប្រព្រឹត្តកម្មទី១ មានសមត្ថភាពផលិតទឹកកខ្វក់បានក្នុងមួយថ្ងៃចំនួន ៥២០០ម៉ែត្រគីប ហើយក៏ជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអីស្រាអែល។ ទឹកកខ្វក់ដែលប្រមូលមកពីតាមគេហដ្ឋានប្រជាពលរដ្ឋ ផ្ទះសំណាក់ សណ្ឋាគារមួយផ្នែកដែលនៅជុំវិញអាងប្រព្រឹត្តិកម្មទី១ ដើម្បីធ្វើការបំលែងទៅជាទឹកមួយដែលមានគុណភាពមិនបំពុលបរិស្ថានហូរចូលទៅសមុទ្រ ទឹកដែលបានចម្រោះរួចយើងអាចយកទៅចិញ្ចឹមត្រីក្រឹមបានថែមទៀតផង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួនបីនៅក្នុងក្រុងព្រះសីហនុ បច្ចុប្បន្នអាងប្រព្រឹត្តិកម្មចំនួនពីរបានដាក់ឱ្យដំណើរការក្នុងនោះ អាងទី១ មានសមត្ថភាពផលិតទឹកកខ្វក់ក្នុងមួយថ្ងៃបានចំនួន ៥២០០ម៉ែត្រគីប អាងទី២ ផលិតទឹកកខ្វក់បាន ៧២០០ម៉ែត្រគីប និងអាងទី៣ កំពុងដំណើការសាងសង់ វាមានសមត្ថភាពផលិតទឹកកខ្វក់បានចំនួន ២០.០០០ ម៉ែត្រគីប៕